ភ្នំពេញៈ បុរសម្នាក់ត្រូវជនសង្ស័យម្នាក់ ប្រដាប់ដោយកាំបិត គំរាមប្លន់យកម៉ូតូបានសម្រេច ដោយសុវត្តិភាព កើតហេតុកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ទីតាំងស្ថិតនៅស្រះទឹកក្បែរអគ្គិសនី ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីផ្ទះ ទៅមើលមងដូចសព្វដង ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាសស្មាស់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BI 0383 ទៅដល់ចំណុចកើតហេតុ មិនទាន់បានមើលមងផង ស្រាប់តែលិចមុខជនសង្ស័យម្នាក់ ប្រដាប់ដោយកូនកាំបិត មុតស្រួចមកភ្ជង់ពីក្រោយ គំរាមប្លន់យកម៉ូតូតែម្តង ។ ភ្លាមៗនោះជនរងគ្រោះ ព្យាយាមស្រែកឲ្យគេជួយដែរ តែដោយសារនៅទីនោះគ្មានមនុស្ស និងជាតំបន់ស្ងាត់ផង ទើបជនសង្ស័យងាយធ្វើសកម្មភាព និងជិះចេញដោយសុវត្តិភាព ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីស្វែងរកម៉ូតូ និងជនសង្ស័យយកមកចាត់ការតាមនីតិវិធី ៕
មតិយោបល់