ព័ត៌មានជាតិ

កាត់ទោសយុវជនម្នាក់ រឿងរំលោភអនិតិជនមិនបាន រួចសម្លាប់ជនរងគ្រោះបោះក្នុងទន្លេនៅកោះដាច់!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក គឹម រ័ត្នណារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសយុវជនម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម។

លោក រៀល សុភិន ជាតំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទឈ្មោះ ហ៊ន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនកោះដាច់។ បច្ចុប្បន្នរស់នៅភូមិរនៈ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពីបទ ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ឌ.ត ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៣ខ នៃសាលាបឋមសិក្សាសម្តេចឪ រស់នៅជាមួយឪពុកម្តាយភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ប្រព្រឹត្តកាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្បាលកោះឆ្នេរកំសាន្ត ក្រុមទី៦ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យោងតាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសាវនាការនាព្រឹកនេះ ជនជាប់ចោទឈ្មោះ ហ៊ន សុខហេង បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។ ចំណែកសាក្សីជួយដោះបន្ទុកជនជាប់ចោទជាច្រើននាក់ បានអះអាងស្រដៀងគ្នាថា ជនជាប់ចោទជាមនុស្សមិនសូវគ្រប់ទឹកនោះទេ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧កន្លងទៅប្រជាពលរដ្ឋបាន ប្រទះសពក្មេងស្រីរងគ្រោះខាងលើ អណ្តែកក្នុងទន្លេ នៅចំណុចភូមិចុះកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

ក្រោយធ្វើកោសល្យវិច្ច័យ របស់សមត្ថកិច្ចជំនាញ សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារបានស្រាវជ្រាវ និងឃាត់ខ្លួនជនជាប់ចោទខាងលើបានកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនជាប់ចោទក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ខណៈដែលជនរងគ្រោះដើរមកពីសាលារៀន សំដៅទៅផ្ទះម្នាក់ឯង លុះដល់ចំណុចកើតហេតុខាងលើ ជនជាប់ចោទបានហៅជនរងគ្រោះ មកជិះម៉ូតូជាមួយ រួចឌុបជនរងគ្រោះ ទៅច្រាំងទន្លេជាកន្លែងស្ងាត់ ហើយសុំជនរងគ្រោះរួមភេទ ប៉ុន្ដែជនរងគ្រោះមិនព្រម ពេលនោះជនជាប់ចោទបានចាប់ក្រៀកឱបជនរងគ្រោះផ្ដួលទៅលើដី តែជនរងគ្រោះបានរើបំរាស់រួច ក៏រត់ចេញពីជនជាប់ចោទ។

ដោយខ្លាចជនរងគ្រោះទៅនិយាយប្រាប់ឪពុកម្ដាយ ទើបជនជាប់ចោទបានដេញតាមចាប់ជនរងគ្រោះបាន រួចចាប់ច្របាច់ក និងអូសទៅច្រមុជទឹកសម្លាប់ចោលក្នុងទន្លេតែម្តង។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវបានតុលាការសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ខាងមុខ៕

https://youtu.be/LI6h3YKHHc8

មតិយោបល់