ព័ត៌មានជាតិ

បាត់រថយន្តមួយយប់ព្រឹកឡើងរកឃើញវិញ តាមប្រព័ន្ធ GPS បន្ទាប់ពីបើកចូលដេកនៅសណ្ឋាគារ«ហុងជីងឌីង»

ភ្នំពេញ: រថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿងដែលបុរសជនជាតិចិនម្នាក់បានជួលពីស្រ្តីជនជាតិខ្មែរម្នាក់ទៀតជិះត្រូវបានចោរលួចយកទៅបាត់កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ខណ:ដែលគាត់ ចូលទៅដេកនៅក្នុងសណ្ឋាគារមួយយីហោ«ហុងជីងឌីង»ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយពេលដឹងថារថយន្តដែលខ្លួនជិះត្រូវចោរលួចបាត់បុរសជនជាតិចិននេះ បានប្ដឹងនគរបាលនិងប្រាប់ទៅស្រ្តីដែលជាម្ចាស់រថយន្ត ទើបស្រាវជ្រាវតាមប្រព័ន្ធ GPS ហើយបានរកឃើញរថយន្តមកវិញ ។ ដោយជនសង្ស័យបានដោះផ្លាកលេខចោល និងគ្របទុកនៅក្បែរផ្ទះមួយកន្លែង ស្ថិតនៅក្នុងបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តខាងលើម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ផ្លាក លេខ 2AE-1623 ដែលជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ឈ្មោះ ខៀវ ធាវី មានទីលំនៅផ្ទះលេខ១៦ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ គាត់បានបង់រំលស់រថយន្តនេះពីក្រុមហ៊ុនលីហួរ ក្នុង១ខែជាង២០០ដុល្លារ រួចហើយបានជួលបន្ត ទៅឲ្យបុរសជនជាតិចិនម្នាក់ ឈ្មោះ Long Yueshan អាយុ៥៧ឆ្នាំ មុខរបរជាជាងជួសជុលម៉ាស៊ីន ក្នុងតម្លៃ១ខែ៤០០ដុល្លារ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហតុ បុរសជនជាតិចិនខាងលើ បានជិះរថយន្តត្រឡប់មកពីជួសជុលម៉ាស៊ីនឲ្យគេនៅម្ដុំស្ពានទី១៤ ភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ បន្ទាប់មកបានចូលទៅដេកនៅក្នុងសណ្ឋាគារខាងលើដោយទុករថយន្តនៅខាងមុខសណ្ឋាគារនោះ លុះក្រោយមកត្រូវបានចិរលួចបាត់ ។ រហូតព្រឹកឡើងទើបបុរសជនជាតិចិននេះ បានដឹងថាបាត់រថយន្តក៏បានប្រាប់ទៅស្រ្តីជាម្ចាស់រថយន្តឲ្យដឹងនិងប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍កាកាបទី២និងនគរបាលខណ្ឌពោធិ៍សែនជ័យជួយអន្តរាគមន៍ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកនគរបាលបានធ្វើការស្រាជ្រាវតាមរយ:ប្រព័ន្ធ GPS ដែលភ្ជាប់នៅក្នុងរថយន្តស្រាប់ហើយក៏បានដឹងថា រថយន្តស្ថិតនៅក្នុងភូមិសាស្រ្តភូមិទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកកម្លាំងនគរបាលខាងលើ សហការជាមួយម្ចាស់រថយន្តទាំង២នាក់ តាមរកហើយឃើញរថយន្តនេះត្រូវជនសង្ស័យដោះផ្លាកលេខ និងគ្របទុកចោលនៅក្បែរផ្ទះមួយកន្លែងក្នុងបុរីរុងរឿង ទើបយកមកវិញ ហើយមិនបានឃើញជនសង្ស័យនៅជិតនោះឡើយ។

ករណីខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យមើលឯកសារ របស់រថយន្តខាងលើ មានគ្រប់គ្រាន់ទើបប្រគល់ឲ្យជនរងគ្រោះវិញ ៕

មតិយោបល់