កំពង់ស្ពឺៈ មានករណីបុរសម្នាក់ បានគាំងបេះដូងស្លាប់ខណៈដែលដេកក្នុងអង្រឹង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិភូមិតាយស ឃុំជើងរស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ឆិល ឈាង ភេទប្រុស អាយុ៤៣ឆ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានដេកនៅក្នុងអង្រឹង ចំណុចផ្ទះឈ្មោះ ឆាយ ចាន់ណា ភេទស្រី អាយុ៤៤ឆ្នាំ នៅភូមិកើតហេតុខាងលើ។ រហូតមកដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹកទើបឈ្មោះស៊ឹម ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើកម្មករកែច្នៃសិប្បកម្មឈើជាមួយគ្នា បានមកដាស់ហៅជនរងគ្រោះអោយងើបធ្វើការ ទើបដឹងថាស្លាប់ ក៏បានប្រាប់ម្ចាស់ផ្ទះរាយការណ៍ដល់សមត្ថកិច្ចនគរបាលជំនាញចុះមកដល់កន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង (ព្រោះជនរងគ្រោះមានជំងឺប្រចាំកាយខ្សោយបេះដូង) ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសព ជូនទៅសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់