ព័ត៌មានជាតិ

បុរសដែលប្រើហិង្សាវាយប្រពន្ធជាបុគ្គលិកធនាគារ អេស៊ីលីដា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយតាមបញ្ជា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ!

ភ្នំពេញៈ ស្ត្រីម្នាក់ ជាបុគ្គលិកធនាគារ អេស៊ីលីដា ត្រូវបានបុរសជាប្តី ប្រើហិង្សាវាយបណ្តាលឲ្យរបួសជាំភ្នែកម្ខាង ពេលនេះត្រូវបានសមត្ថកិច្ចហៅមកបំភ្លឺ និងត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ឃាត់ខ្លួនហើយដើម្បីចាត់ការតាមនីតិវិធី ក្រោយពីអនុវត្តន៍តាមបទបញ្ជាររបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ សរ ចាន់ធារិទ្ធិ ។ ចំណែកប្រពន្ធមានឈ្មោះ ឆេង សុខរ៉ា អាយុ៣២ឆ្នាំ ជាបុគ្គលិកធនាគារ អេស៊ីលីដា ។អ្នកទាំង២ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវលេខ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

តាមការរៀបរាប់ ឆ្លើយបំភ្លឺ ពីបុរសជាប្តីបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង១០នាទីយប់ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ខ្លួនបានមកពីផឹកស៊ីជាមួយមិត្តភក្តិ រួចក៏ចាក់សោផ្ទះបណ្តើរម៉ូតូចូលក្នុងផ្ទះ ស្រាប់តែប្រពន្ធបានចុះពីលើបន្ទប់ជាន់ឡៅតឿមកឈរសម្លក់ ពេលនោះខ្លួនដឹងថាប្រពន្ធខឹង ទើបមិនទាន់មាត់ គិតថាចាំងូតទឹករួច ចាំចូលទៅសម្រាក ស្រាប់តែប្រពន្ធមកទះខ្លួន១ដៃ ខ្លួនជាប្តីនៅតែមិនមាត់ ចាំចូលបន្ទប់សិន ព្រោះខ្លាចភ្ញាក់ឪពុកម្តាយ ដែលកំពុងសម្រាន្តនៅខាងលើ លុះពេលដល់បន្ទប់ដេក ខ្លួនបានសួរទៅប្រពន្ធថា ថីបានទះកំផ្លៀងអញ រួចក៏វាយប្រតាយប្រតប់គ្នាទៅវិញទៅមក ស្រាប់តែលឺដល់ម្តាយដែលកំពុងសម្រាន្តចុះមកឃាត់ តែពេលនោះខ្លួនបានដើរទៅយកកាំបិតបុង័តោពីផ្ទះបាយមកគំរាមថា ប្រយត្ន័អញសម្លាប់ចោល ព្រោះថាកន្លងមករាល់ពេលឈ្លោះគ្នា ប្រពន្ធខ្លួនតែងតែប្រើពាក្យ លែងគ្នាៗរហូត ហើយយកកាំបិតចិតបន្លែមកដេញចាក់ខ្លួន តែខ្លួនជាប្តីចេះតែរត់គេចរហូត ពេលឃើញខ្លួនជាប្តីកាន់កាំបិត ម្តាយបានចាប់យកកាំបិតចេញពីដៃយកទៅសៀតជញ្ជាំង តែប្រពន្ធមិនឈប់មាត់នៅតែជេរប្រមាថខ្លួន ទើបប្រតាយប្រតប់គ្នាម្តងទៀត តែម្តាយចូលមកឃាត់ ប្រពន្ធក៏ធាត់ម្តាយ១ជើង ទើបខ្លួនជាប្តីប្រញាប់ទៅលើកម្តាយឡើង ហើយនិយាយថា ម៉េចក៏ ង្ហែ៎ង ហ៊ានធាក់ម្តាយអញ ហើយក៏ទាត់ប្រពន្ធ១ជើងចំភ្នែក រួចប្រពន្ធក៏ចេញពីផ្ទះទៅក្រៅបាត់តែម្តង។

ក្រោយពីកើតហេតុបាន១ថ្ងៃ នៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានហៅជនរងគ្រោះមកសួរបំភ្លឺ តែជនរងគ្រោះមិននៅនោះទេ ដោយបានទៅស្រុកនៅឯខេត្តកំពង់ចាម ដើម្បីធ្វើឯកសារលែងលះគ្នា។

លុះនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានកោះហៅភាគីទាំងសងខាង ២នាក់ប្តីប្រពន្ធខាងលើនេះ មកសាកសួរ ឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ តែម្តង។

លុះបញ្ចប់ការឆ្លើយបំភ្លឺ ស្ត្រីជាប្រពន្ធបានរៀបរាប់ថា មុនពេលកើតហេតុប្តីរបស់ខ្លួនទើបតែមកពីផឹក លុះត្រឡប់ដល់ផ្ទះ នាងក៏ទះប្តី១ដៃ ក្រោយមកទៀតប្តីខឹងក៏ជេរ និងវាយមកលើនាង១ដៃ ចំភ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួស ទើបនាងសូមឲ្យសង្កាត់បឹងទំពុន២ ឲ្យជួយដោះស្រាយ ប៉ុន្តែករណីហិង្សានេះ នាងមិនបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសជាប្តីមកផ្តន្ទាទោសអ្វីនោះទេព្រោះគាត់ទុកឲ្យប្តីនៅចិញ្ចឹមកូនស្រីតូចអាយុ២ឆ្នាំ៣ខែ គ្រាន់តែសូមឲ្យសមត្ថកិច្ចជួយហៅប្តី របស់ខ្លួនមកអប់រំ និងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ព្រោះនាងក៏មិនចង់មានកម្មពារវែងឆ្ងាយបន្ត ហើយនាងនិងប្តី នឹងធ្វើការលែងលះគ្នាឲ្យដាច់ស្រេចតាមប្រពន្ធ័តុលាការបន្តទៀត។ ចំណែកបុរសជាប្តី ក៏ធ្វើកិច្ចសន្យាឈប់ទៅរករឿងពាក់ពន្ធ័នឹងប្រពន្ធ ចាប់ពីពេលនេះតទៅ។

ប៉ុន្តែដោយអនុវត្តន៍តាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពេលនេះ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃាត់ខ្លួនបុរសជាប្តីដែលបានប្រើហិង្សាទៅលើប្រពន្ធខាងលើនេះហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ទោះបីប្រពន្ធជនសង្ស័យជាប្តី មិនចង់ឲ្យប្តីជាប់ទោសក៏ដោយ៕

មតិយោបល់