ព័ត៌មានជាតិ

Update៖ យុវជន២នាក់ជិះម៉ូតូគេចរថយន្តវ៉ាគ្នា ក៏ជ្រុលទៅបុករបាំងថ្មការដ្ឋានធ្វើថ្នល់បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់ ដែលជាអ្នកតៃកុងអេសស្កាវ៉ូទ័របានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងជាងជុសជុលរថយន្តម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលពួកគេទាំង ២នាក់ជិះម៉ូតូ មួយគ្រឿងគេចពីរថយន្តដែលកំពុងវ៉ាគ្នា ក៏ជ្រុលចង្កូតទៅបុករបាំងថ្មការដ្ឋានធ្វើផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ចំងាយពីសាលាភាសា កូរ៉េ ប្រហែលជាង ២០០ម៉ែត្រ ដែលស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ តៃកុងអេសស្កាវ៉ូទ័រនៅក្នុងផែស្ងួតតិចស្រ៊ុន ដែលស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ ចំណែកឯម្នាក់ទៀតមានឈ្មោះ ឈិន សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជួសជុលរថយន្តនៅក្នុងផែស្ងួតជាមួយគ្នា និងស្នាក់ជាមួយគ្នាខាងលើ (បានរងរបួសធ្ងន់) និងមានស្រុកកំណើតនៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់បានជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រឺមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1T-9529 បានជិះចេញពីសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដើម្បីមកចូលធ្វើការនៅក្នុងផែស្ងួតតិចស្រ៊ុន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយបើកបរតាមផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តធុនធំដឹកស៊ីនទែនសាំងមិនចាំក្រុមហ៊ុន ២គ្រឿងបានបើកបរតាមផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កបើកបរពីក្រោយនោះបានវ៉ាផ្នែកខាងឆ្វេងដៃរថយន្តដែលកំពុងបើកបរស្របទិសគ្នាចូលចំណែកផ្លូវខាងម៉ូតូធ្វើអោយអ្នកបើកម៉ូតូរងគ្រោះបើកគេចមកខាងស្តាំដៃជ្រុលចង្កូតទៅបុករះរបាំងថ្មការដ្ឋានធ្វើផ្លូវបណ្តាលអោយដួលម៉ូតូធ្លាក់អ្នកជិះខាងក្រោយបោកក្បាលនិងរបាំងថ្មស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកបើកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ហៅមន្ទីរពេទ្យព្រះកុសុមៈ។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងប្រគល់សពអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត រីឯម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅចរាចរណ៍ខណ្ឌព្រែកព្នៅ៕

មតិយោបល់