ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡិចស៊ីសRX300 បុកជាមួយរថយន្តកូរ៉េដឹកទឹកកក បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥១និង១៥២ ស្ថិតនៅក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតគេឃើញមានរថយន្ត១គ្រឿងម៉ាក LUXES RX300 ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ2A-4441 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុកចំពីខាងក្រោយរថយន្តកូរ៉េដឹកទឹកកក១គ្រឿងទៀតយ៉ាងពេញទំហឹង ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបររថយន្តឡិចស៊ីស ស្លាប់គៀបជាប់ជាមួយនឹងរថយន្តនៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់តែម្តង។ ចំណែកអ្នកបើកបររថយន្តដឹកទឹកកកបានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។
ក្រោយពេលកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចកំពុងស្ទូចយកចេញ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា។ រីឯសាកសពជនរងគ្រោះ ត្រូវរងចាំសួររកសាច់ញាតិ ដើម្បីមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់