រដ្ឋាភិបាលនៃប្រទេសចិន បានចាប់ផ្ដើមរឹតបន្ដឹងជាថ្មីទៅលើការប្រើប្រាស់អ៊ីនធើណែត ដោយនៅថ្ងៃទី០៧ខែសីហា កន្លងទៅនេះ ចិនបានបញ្ជាឲ្យក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណែតទាំងអស់ធ្វើការហាមឃាត់ការកម្មវិធីជជែកកម្សាន្តតាមរយៈអនឡាញ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងថ្មី។
រដ្ឋាភិបាលបានបញ្ជាទៅកាន់ក្រុមហ៊ុនអ៊ីនធើណែតទាំងអស់ឲ្យធ្វើការរឹតបន្ដឹងទៅលើការចុះឈ្មោះប្រើប្រាស់នៅលើកម្មវិធីជជែកកម្សាន្ត ដោយតម្រូវឲ្យអ្នកទាំងនោះប្រើប្រាស់ឈ្មោះពិត និងអាសយដ្ឋានពិត។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV។
អ្នកប្រើប្រាស់អ៊ីនធើណែតនៅក្នុងស្រុកចិតត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៦៣២លាននាក់ ហើយភាគច្រើនពួកគេបានប្រើប្រាស់កម្មវិធី WeChat និងបណ្ដាញសង្គម Sina Weibo ដែលមានលក្ខណៈស្រដៀងនឹង Twitter។
គួរបញ្ជាក់ផងដែរថា កម្មវិធីជជែកកម្សាន្ត KakaoTalk និង Line របស់កូរ៉េខាងត្បូងត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ព្រោះតែរដ្ឋាភិបាលក្រុងប៉េកាំងយល់ឃើញថា វាអាចជាមធ្យោបាយមួយសម្រាប់ពួកភារវករផ្ញើព័ត៌មានសម្រាប់ធ្វើភារវកម្ម៕
មតិយោបល់