ព័ត៌មានអន្តរជាតិ

ប្រទេសគុយបា ជម្លៀសពលរដ្ឋ ៧០ ម៉ឺននាក់ ខណៈព្យុះ Irma ជិតមកដល់

គុយបាៈ តាមអាជ្ញាធរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សប្រហែល ៧០ ម៉ឺននាក់ ត្រូវបានគេជម្លៀសចេញពីឆ្នេរសមុទ្រ ភាគឦសានប្រទេសគុយបា ខណៈព្យុះ Irma ឆ្ពោះមកកាន់ភាគខាងលិច ឆ្លងកាត់តំបន់ការាបៀន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

វាជាព្យុះទីហ្វុងប្រភេទទី៥ ត្រូវបានគេរំពឹងថា នឹងត្រូវឆ្លងកាត់កោះ Hispaniola របស់ប្រទេសហៃទី, សាធារណរដ្ឋដូមីនិក, កោះ Turks និង Caicos ។

តាមសេចក្ដីថ្លែងការណ៍ពីភ្នាក់ងារឧតុនិយមនៃប្រទេសគុយបា បាននិយាយថា ចំណុចកណ្ដាលនៃព្យុះនេះ នឹងត្រូវផ្លាស់ប្តូរគោលដៅរបស់វា មកកាន់ចន្លោះឆ្នេរសមុទ្រ ភាគខាងជើងប្រទេសគុយបា និងបាហាម៉ា។

ព្យុះ Irma មានល្បឿនវាយប្រហារអតិបរិមា ២៨០ គីទ្បូម៉ែតក្នុងមួយម៉ោង ដោយមានអនុភាពខ្យល់កួចខ្ពស់ ដែលវាអាចក្លាយជាព្យុះស៊ីក្លូនត្រូពិចដ៏មានសក្តានុពល។

សេចក្ដីថ្លែងការណ៍ដដែរ បានបញ្ជាក់ទៀតថា នឹងមានភ្លៀងធ្លាក់នៅខេត្តភាគខាងកើតប្រទេសគុយបា ព្រមទាំងហូហ្គិននៅយប់ថ្ងៃព្រហស្បតិ៍ រួមជាមួយខ្យល់ព្យុះ និងព្យុះត្រូពិច ដែលអាចកើនទ្បើងកម្ពស់ទឹកពី ៦ ទៅ ៨ ម៉ែត្រឯណ្ណោះ៕

មតិយោបល់