ភ្នំពេញៈ បុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ីឥណទានម្នាក់ត្រូវបាននាយកក្រុមហ៊ុនចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច ដោយដោយចោទ ពីបទរំលោភលើទំនុកចិត្ត (ប្រមូលលុយពីអតិថិជនយកទៅស៊ីចាយអស់ជាង១១លានរៀល)។
ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលាម៉ោង៧និង២៥នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុផ្ទះជួល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប៉ូលីសបានប្រាប់ថា ជនសង្ស័យឈ្មោះ សុទ្ធ សុភ័ត្ត្រសុផានុ ហៅយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ផ្នែកឥណទាន (ប្រចាំសង្កាត់ឃ្មួញ ខណ្ឌសែនសុខ) ស្នាក់នៅផ្ទះជួលភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
លោក លី ប៊ុនអ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនាយក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរាយការណ៍ប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យបានមកសុំបម្រើការងារនៅក្រុមហ៊ុន
អភិវឌ្ឍន៍អាស៊ី ផ្នែកឥណទានប្រចាំសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យបានប្រើល្បិច ដោយបានប្រមូលលុយពីអតិថិជនបានចំនួន១១,៤៩១,១០០ (ដប់មួយលានសែសិបប្រាំបួនម៉ឺនមួយពាន់មួយរយរៀគត់) យកទៅស៊ីចាយសប្បាយ ហើយបានធ្វើវិក័យបត្រក្លែងបន្លំមកក្រុមហ៊ុនថាអតិថិជនមិនទាន់ឲ្យទៅវិញ។
គាត់បានប្រាប់ទៀតថា លុះដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោងប្រហែល៧និង២០នាទីល្ងាច ទើបបែករឿងដឹងដល់ក្រុមហ៊ុន ថាជនសង្ស័យប្រើល្បិចកិបកេងយកលុយក្រុមហ៊ុនទៅស៊ីចាយសប្បាយ ហើយទើបនាយកក្រុមហ៊ុនចាប់ឃាត់ខ្លួនជនខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំបញ្ជូនទៅតុលាការពេលក្រោយ៕
មតិយោបល់