ព្រះវិហារៈ ពិតជាឈាមស្រែកស្បែកហៅមែន ពេលនេះជនដៃដល់ ដែលជាឃាតកធ្វើសកម្មភាពរំលោភសម្លាប់នារីម្នាក់នៅឯខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយនគរបាលនៃអធិការដ្ឋានស្រុករវៀងធ្វើការឃាត់ខ្លួនបានហើយ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ គង់ សំណាង ភេទប្រុស ងាយុ១៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងទន្ទឹម ឃុំ រមទម ស្រុករវៀង ខេត្ត ព្រះវិហារ។
មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ មានការប្រទះឃើញសាកសពនារីម្នាក់ ដែលត្រូវបានឃាតកធ្វើសកម្មភាពរំលោភសេពសន្ថវៈ រួចសម្លាប់បំបិទមាត់ដោយប្លុងសាកសពទុកចោល ម្យ៉ាងសាកសពបានបាត់ចេញពីផ្ទះដោយគ្មាននរណាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ រហូតទាល់តែមានការប្រទះឃើញសាកសពនេះ ទើបសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយនគរបាលនៃអធិការដ្ឋានស្រុករវាង ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យជាជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់