ព័ត៌មានជាតិ

Update៖ បុរសម្នាក់បញ្ចប់ជីវិតខ្លួនឯង ដោយសារចងកសម្លាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៣០ ក្រុម២៧ ភូមិ១០ផ្ទះជួលលេខ២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះឈ្មោះ សាន វាសនា អាយុ៣១ឆ្នាំមុខរបរ អូសរទេះសំរាម និងមានប្រពន្ធឈ្មោះ អ៊ុង ស្រីណាក់ មុខរបរ លក់កាហ្វេ អ្នកទាំង២ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីប្រពន្ធសពជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ភ្ញាក់ផ្អើល រូបគាត់ចេញទៅលក់កាហ្វេនៅម៉ោង៩ព្រឹកដោយបុរសជាប្តីនៅផ្ទះម្នាក់ឯងលុះម៉ោងប្រហែល៣និង៣០នាទីរសៀល ទើបគាត់ត្រឡប់មកពីលក់កាហ្វេវិញក៏ប្រទះឃើញប្តីបានចងកស្លាប់បាត់ទៅហើយហើយការចងនេះដោយយកអាវពណ៌ទឹកប៊ិចចងភ្ជាប់ប្រម៉េផ្ទះឃើញដូច្នេះគាត់ក៏បានស្រាយទំលាក់ចុះក្រោមហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកពិនិត្យតែម្តង។

ពាក់ព័ន្ធនិងរឿងខាងលើនេះដែរតាមការបញ្ជាក់ពីប្រពន្ធរបស់សពបានបន្តឲ្យដឹងទៀតថា គាត់បានយកគ្នាជាប្តីប្រពន្ធអស់រយៈពេល៧ឆ្នាំមកហើយ ដោយគ្មានកូនម្នាក់ទេ ហើយប្តីគាត់មានប្រវត្តិប្រសៃប្រសាទអស់រយៈពេល២ទៅ៣ឆ្នាំកន្លងមកហើយដោយនៅថ្ងៃកើតក៏ប្តីគាត់បានលេបថ្នាំប្រសៃប្រសាទផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនិងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យរួចប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់