ភ្នំពេញៈ យុទ្ធនាការ Mission Muoy Roy ជាគម្រោងមូលនិធិសប្បុរសដែលមានបំណងប្រមូលជាប្រាក់រៀល ជាច្រើនតាមដែលអាចធ្វើបានក្នុងរយៈពេល១០០ថ្ងៃ។ យុទ្ធនាការច្នៃប្រឌិតថ្មី សង្ឃឹមថា ទទួលបានការគាំទ្រផ្តល់ឱកាសជាលើកទីពីរ ដើម្បីជួយកុមារជួបការលំបាកឲ្យត្រឡប់ទៅសាលារៀនវិញ។
ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) លោក ពិន សារពេជ្រ នាយកផ្នែកកម្មវិធីរបស់អង្គការ ដើម្បីភាពញញឹមនៃកុមារ បានមានប្រសាសន៍ថា “យុទ្ធនាការ Mission Muoy Roy នឹងធ្វើឲ្យសាធារណជនបានដឹងពីតម្រូវការរបស់កុមាររងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ជាពិសេស គឺតម្រូវការផ្នែកអប់រំដែលមានគុណភាព។ មនុស្សមានការយល់ដឹងកាន់តែច្រើន និងមានមនុស្សចូលរួមគាំទ្រជាច្រើន។ Mission Muoy Roy មានគោលបំណងសំខាន់មួយ គឺដើម្បីធានាឲ្យកុមារទទួលបានការអប់រំល្អ ខណៈមានការថយចុះនៃអត្រាការបោះបង់ការសិក្សារបស់ពួកគេ”។
លោក សារពេជ្រ បានបន្តថា យុទ្ធនាការនេះ នឹងបង្ហាញពីទឹកចិត្តរបស់សាធារណជន។ យើងជឿជាក់ថា តាមរយៈការបរិច្ចាគជាច្រើន យើងអាចជួយកុមារឲ្យគេចផុតពីភាពក្រីក្រ និងធ្វើឲ្យពួកគេទទួលបាននូវអ្វីដែលល្អ និងការអប់រំល្អដែលត្រូវបានចាត់ទុកថាជាគោលដៅសំខាន់នៃអង្គការដើម្បីភាពញញឹមនៃកុមារ។
ក្នុងឱកាសនោះដែរ តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងខ្មែរអាមេរិក កញ្ញា ឡូរ៉ា ម៉ម (Laura Mam) ជាឯកអគ្គរដ្ឋទូតនៃយុទ្ធនាការ បានអំពាវនាវឲ្យមានការចូលរួមជួយគាំទ្រការអប់រំរបស់កុមារ ដែលពុំមានលទ្ធភាពនៅក្នុងប្រទេសកម្ពុជា។ កញ្ញា ឡូរ៉ា ម៉ម ក៏បានពន្យល់ពីមូលហេតុដែលធ្វើឲ្យនាងសម្រេចចិត្ត ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតរបស់យុទ្ធនាការ Mission Muoy Royនេះថា “ខ្ញុំចង់ក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរក្នុងសង្គមដែលផ្តល់ពន្លឺ និងបំណងល្អ។ វាជាក្តីសុបិនរបស់ខ្ញុំដែលបានមើលឃើញកុមារកម្ពុជា ទទួលបានការអប់រំ”។ “ការប្រព្រឹត្តល្អ មិនថា ជាអំពើតូចប៉ុនណា វាតែងជួយបន្ថែម ដើម្បីឲ្យក្លាយជាទំហំធំ ដូចជាក្រដាសប្រាក់១០០រៀលរួមគ្នាច្រើន អាចផ្តល់ជាឱកាស ដើម្បីជួយដល់ប្រទេសជាតិ និងចំណែកជួយដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ”។
លោក Laurent Notin នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Brains Comminication បានលើកឡើងថា ក្រដាសប្រាក់១០០រៀល ត្រូវបានគេបំភ្លេចចោលជាញឹកញាប់នៅគ្រប់ទីកន្លែង។ ការប្រមូលក្រដាសប្រាក់ទាំងនោះ រួមធ្វើការបរិច្ចាគ ដើម្បីផ្តល់នូវជីវិតទីពីរសម្រាប់អ្នកដែលត្រូវការយ៉ាងចាំបាច់៕
មតិយោបល់