កណ្តាលៈ នៅវេលាម៉ោង ១២និង២៧នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ មានករណី ឆក់ បានកើតឡើង ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ នៅចំណុច ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ សំ បូរិន ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ។
ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ សុខ ភី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករកំពង់ផែភ្នំពេញ (អ្នកបើកម៉ូតូ ឃាត់ខ្លួន) , ២-ឈ្មោះ សុិម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក
ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (អ្នកដៃដល់ ឃាត់ខ្លួន) ។
សម្ភារៈបាត់បង់រួមមាន៖ លោហៈធាតុពណ៌លឿង (ខ្សែកចំនួន៥ខ្សែ ,ខ្សែដៃ១ខ្សែ, ចិញ្ចៀនត្រា១វង់ ,កងដៃ៧កង )-ប្រាក់ដុល្លារ ២៥០ដុល្លារ , ប្រាក់រៀល១,០០០,០០០៛ (មួយលានរៀល) ។
វត្ថុតាងចាប់យក លោហៈធាតុពណ៌លឿង (ខ្សែកចំនួន ៥ខ្សែ ,ខ្សែដៃ១ខ្សែ, ចិញ្ចៀនត្រា១វង់ ,កងដៃ៧កង ) , ប្រាក់ដុល្លារ ១៥០ដុល្លារ, ប្រាក់រៀល១៤០,០០០៛(ដប់មុឺនរៀល) , ម៉ូតូ១គ្រឿងម៉ាក SUZUKI Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ 1BO-7563 , ថង់ផ្លាស្ទិកមានដៃយួរពណ៌លឿង១។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានបានជិះម៉ូតូចេញពីផ្ទះឌុបកូនទៅសាលារៀនជ័យឧត្តម ដោយដាក់ស្បោង សម្ភារៈខាងលើនៅជាប់ដៃម៉ូតូខាងឆ្វេង ពេលនោះជនសង្ស័យបានជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកស្បោងដាក់សម្ភារៈ របស់ជនរងគ្រោះរួចជិះម៉ូតូមកខាងភ្នំពេញគេចខ្លួនបាត់។ ពេលនោះជនរងគ្រោះស្គាល់ជនសង្ស័យឈ្មោះ សុខ ភី ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ។ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក និងសំរោងធំចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យទាំង២ និងដកហូតវត្ថុតាងខាងលើមកប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន។ បន្ទាប់មកជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់