កំពង់ឆ្នាំងៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងគោយន្តកន្រៃ្ត បណ្តាលឲ្យស្លាប់២នាក់ ស្រីម្នាក់ រងរបួសមនុស្សធ្ងន់១១នាក់ ស្រី៩នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង១៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ នៅមុខផ្ទះឈ្មោះ គង់ ធិប ភូមិអូរតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង3A-2724(អ្នកបើកបររត់បាត់) ដែលមានដឹកមាន់ លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយគោយន្តកន្រៃ្ត១គ្រឿង ម៉ាកតូតា ពណ៌ក្រហម ដែលមានសណ្តោងរ៉ឺម៉ក ដោយមានដឹកមនុស្សចំនួន១៣នាក់ ស្រី១០នាក់ ទៅបោចដើមរពាក់ ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់២ នាក់ ស្រីម្នាក់ រងរបួសមនុស្សធ្ងន់១១នាក់ ស្រី៩នាក់ (អ្នកបើកបរ និងអ្នករួមដំណើរលើគោយន្ត)។
លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់មូលហេតុ បើកបរក្នុងល្បឿនលឿន អ្នកបង្ករស់នៅក្រៅខេត្ត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចយើងបានចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕
មតិយោបល់