ព័ត៌មានជាតិ

កងទ័ពកម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការប្រឆាំងសត្រូវ

ភ្នំពេញៈ បញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានប្ដេជ្ញាបើកទំព័រថ្មីមួយ ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពទាំងពីរ ក្នុងការតទល់ប្រឆាំងនឹងសត្រូវរួមតែមួយ។

ការប្ដេជ្ញាបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រឆាំងសត្រូវរួមរបស់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានធ្វើឡើងនៅក្នុងពិធីចុះអនុសារណៈរវាងបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) នៃព្រះរាជាណាកម្ពុជា និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំង នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ ខ.ភ.ម លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ទោ វ៉ ម៉ិញលឿង មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។

ឧត្តមសេនីយ៍ឯក ឌៀង សារ៉ុន មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងឲ្យដឹងថា ការពិតនៅតែជាការពិត កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិសហប្រតិបត្តិការប្រកៀកស្មាគ្នា រួមលានដ្ឋានតែមួយប្រឆាំងនឹងសត្រូវរួមជាយូរលង់ណាស់់មកហើយ ហើយប្រជាជនប្រទេសទាំងពីរ គឺនៅតែចងចាំប្រវត្តិដ៏ជូរចត់មិនអាចបំភ្លេចបាន ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត នៅតែរួមគ្នាខិតខំរក្សាពង្រឹងពង្រីកចំណងសាមគ្គីភាពឲ្យបានឋិតឋេរគង់វង្សតកូនតចៅរហូតដល់ជំនាន់ក្រោយៗ។

លោកមេបញ្ជាការរង បានបន្ថែមថា ពីពេលនេះតទៅ យើងមានមូលដ្ឋានជាសក្ខីភាព លើស្មារតីយោគយល់ ជួយឧបត្ថម្ភ គាំពារ គោរពអធិបតីភាព តាមច្បាប់រដ្ឋធម្មនុញ្ញ តាមកិច្ចព្រមព្រៀងអនុសារណៈរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និងគោរពតាមលក្ខន្តិក ស្ដីពីការចងសម្ព័ន្ធមេត្រីភាពរវាងបញ្ជាការដ្ឋានអង្គរក្ស និងយោធភូមិភាគទី៧។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ឌៀង សារ៉ុន ក៏បានបញ្ជាក់ផងដែរថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពមួយក្នុងចំណោមបណ្ដាអង្គភាពរបស់កងយោធពលខេមរៈភូមិន្ទ បាន និងកំពុងបំពេញភារកិច្ច ការពារបូរណភាព ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិអន្តរជាតិ ជាពិសេស គឺធានាការពារសុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមលោក ឌៀង សារ៉ុន បានឲ្យដឹងថា យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានជួយជ្រោមជ្រែង ឧបត្ថម្ភ លើគ្រប់វិស័យ មានទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្ភារបរិក្ខា ថវិកា សាងសង់ជំរុំបន្ទាយ ព្រមទាំងថែទាំ ជួសជុលបច្ចេកទេសគ្រឿងចក្រធុនធ្ងន់ជាប្រចាំ ដែលជាគុណបំណាច់មួយ យើងនឹងមិនអាចកាត់តម្លៃស្មើបាន។ មិនតែប៉ុណ្ណោះ យោធភូមិភាគទី៧ គឺបានជួយជាបន្តបន្ទាប់ដូចជាភ្លៀងរលឹមមិនអាចខ្វះបាន រហូតដល់ថ្ងៃនេះ ជាថ្ងៃចងក្រងកសាងទំព័រថ្មី ដែលបញ្ជាការដ្ឋានអង្គរក្ស បានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលមានលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃខភម ជាសាក្ខីក្នុងអង្គពិធីនេះ៕

photo_2016-06-02_17-17-07

photo_2016-06-02_17-17-02

photo_2016-06-02_17-16-41

photo_2016-06-02_17-23-20

photo_2016-06-02_17-23-25

photo_2016-06-02_17-23-28

photo_2016-06-02_17-17-18

photo_2016-06-02_17-23-33

photo_2016-06-02_17-23-35

photo_2016-06-02_17-16-44

មតិយោបល់