ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ដើម្បីបញ្ជាក់ពីការរកឃើញនូវជំងឺកញ្ជ្រិលថ្មីមួយករណីទៀត ដែលបានកើតទៅលើកុមារ៣ករណីនៅក្នុងពេលថ្មីៗនេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលសារព័ត៌មាន Post News ទើបតែទទួលបានអម្បាញ់មិញនេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលរួមជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វបានថ្លែងប្រាប់សាធារណៈជនអំពីករណីសង្ស័យកញ្ជ្រិលមួយត្រូវបានរកឃើញនៅលើកុមារអាយុមួយឆ្នាំ រាយការណ៍ពីមន្ទីរពេទ្យកុមារជាតិនៅរាជធានីភ្នំពេញ ត្រូវបានអះអាងថាជាជំងឺកញ្ជ្រិល ដោយមានការបញ្ជាក់ពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) និងបានធ្វើតេស្តបញ្ជាក់ ដោយមន្ទីរពិសោធន៍របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងហុងកុង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
ករណីនេះបានរាយការណ៍ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ដែលជាការរកឃើញជំងឺកញ្ជ្រិលលើកទីពីរនៅឆ្នាំ២០១៦ ដែលសរុបករណីកញ្ជ្រិលត្រូវបានរកឃើញនៅឆ្នាំ២០១៦នេះគឺមានចំនួន៣ករណី។
កម្មវិធីជាតិផ្តល់ថ្នាំបង្ការ (NIP) នៃក្រសួងសុខាភិបាល បានពង្រឹងការតាមដានជំងឺកញ្ជ្រិលចាប់តាំងពីការរកឃើញជំងឺកញ្ជ្រិលដំបូង នៅខែមករា ឆ្នាំ២០១៦ សំដៅរកឲ្យឃើញវីរុសជំងឺកញ្ជ្រិលដែលនាំចូល និងដើម្បីអនុវត្តវិធានការត្រួតពិនិត្យសមស្របទាន់ពេល។ ជំងឺកញ្រ្ជិលដែលបានរកឃើញ នៅក្នុងរាជធានី ភ្នំពេញនៅពេលនេះ គឺបានរាយការណ៍តាមរយៈប្រពន្ធ័តាមដានជំងឺជាប្រចាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលកំពុងអនុវត្តជាប់ជាប្រចាំ។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ចំពោះករណីជំងឺកញ្ជ្រិលនាំចូល ដែល បានរកឃើញលើកមុននៅក្នុងខែមករា ឆ្នាំ២០១៦ ក្រសួងបានធ្វើការជាមួយអង្គការដៃគូរ និងចាត់វិធានការជាច្រើនដើម្បីបញ្ឈប់ការឆ្លងរាលដាល នៃមេរោគកញ្ជ្រិល រួមទាំងការចាក់វ៉ាក់សាំងកញ្ជ្រិល-ស្អូចតាមរយៈយុទ្ធនាការ ក្នុងខែមិនា ឆ្នាំ២០១៦ សម្រាប់កុមារអាយុពី៩ដល់៥៩ខែ នៅខេត្តជ្រើសរើសចំនួន១១ ក្នុងនោះរួមទាំងរាជធានីភ្នំពេញផងដែរ។ សម្រាប់ករណីជំងឺកញ្ជ្រិលថ្មីនេះ យើងក៏បានចាប់ផ្តើមធ្វើអង្កេតជាបន្ទាន់ ហើយចាត់វិធានការចាំបាច់ផ្សេងទៀត ដែលរួមទាំងសកម្មភាពចាក់ថ្នាំបង្ការផងដែរ៕
មតិយោបល់