ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទប់លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ភ្នំពេញៈ នារីម្នាក់ ត្រូវបានម្ចាស់បន្ទប់ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីនារីរូបនោះបានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មាច ស្រីនាង ហៅកាពុយ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានចំនួន២នាក់ ទី១មានឈ្មោះ មា សម្បត្តិ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងទី២មានឈ្មោះ ប៉ោ សូនី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះជួល ភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ ខ្សែដៃ២ខ្សែ,ខ្សែក១ខ្សែ,ក្រវិល១គូ,លុយម៉ាឡេ១៣០០រីងហ្គេត,៣០០ដុល្លារ។ បន្សល់ទុក រួមមាន កូនសោចំនួន២២, មេសោខ្មៅចំនួន១ ខ្សែដៃធ្វើពីលោហៈធាតុលឿងចំនួន១ខ្សែ,លុយ២០០ដុល្លារ និងលុយ៣១០,៣០០,និងអត្តសញ្ញាណប័ណ្ឌ១សន្លឹក ឈ្មោះ អឿន ចាន់ថន។

តាមសម្តីជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ហើយទៅផ្សារ ខណៈមកវិញស្រាប់តែឃើញបន្ទប់បើកចំហរពេលនោះរូបគាត់បានចូលទៅខាងក្នុងបន្ទប់ស្រាប់តែឃើញកាបូបលុយចំហដោយបាត់លុយនិងគ្រឿងអលង្កាមួយចំនួនហើយ គាត់ក៏មកសួរអ្នកមើលការខុសត្រូវផ្ទះជួល។ ក្រោយមកអ្នកមើលការខុសត្រូវនៅទីនោះក៏បានឆ្លើយថាឃើញមាននារីម្នាក់មកចូលក្នុងបន្ទប់គាប់ជួនក៏ឃើញនារីជាជនសង្ស័យដើរមកល្មមទើបឃាត់និងធ្វើការឆែកមើលក្នុងកាបូបស្រាប់តែឃើញលុយនិងគ្រឿងអលង្កាទើបរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញយុត្តិធម៌នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សេនជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់