ព័ត៌មានជាតិ

តុលាការកាត់ទោសយុវជនម្នាក់ក្នុងចំណោម៣នាក់ រឿង ប៉ុនប៉ងឃាតកម្ម

ភ្នំពេញៈ យ៉ាងហោចណាស់មានជនជាប់ចោទម្នាក់ ក្នុងចំណោម៣នាក់ (២នាក់រត់គេចខ្លួ) ត្រូវបានលោក ប៊ុន ធី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោស រឿងយកដាវសាំម៉ូរ៉ៃ កាប់ប៉ុនប៉ងសម្លាប់ជនរងគ្រោះ។

លោក តុប ឈុនឡុង ជាតំណាងអយ្យការនៃអង្គសវនាការបានចោទប្រកាន់លើជនជាប់ចោទឈ្មោះ សំ ឆវ័ន្ត ហៅ វែង ភេទប្រុស អាយុ២១ឆ្នាំ និងបក្ខពួក២នាក់ទៀត (កំពុងរត់គេច្លួន) ពីបទប៉ុនប៉ងឃាតកម្ម ដោយប្រើដាវសាំម៉ូរ៉ៃ កាប់លើជនរងគ្រោះឈ្មោះ ឆោម នឿន អាយុ៤៤ឆ្នាំ ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ក្រុម៤ ភូមិដំណាក់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ យោងតាមមាត្រា២៧ និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ សំ ឆវ័ន្ត បានទទួលស្គាល់ថា ខ្លួន និងជនជាប់ចោទ២ នាក់ដែលកំពុងរត់គេចខ្លួនពិតជាបានយកដាវសាំម៉ូរ៉ៃកាប់ប្រហារលើជនរងគ្រោះឈ្មោះ ឆោម នឿន ពិតប្រាកដមែន។

គួររំលឹកថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ មានក្រុមក្មេងស្ទាវ២នាក់ជិះម៉ូតូម៉ាកសេ១២៥មួយគ្រឿង ពុំចាំស្លាកលេខ នៅម្តុំសេះហោះ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេលដែលជិះជ្រែចុះឡើងបានដួលម៉ូតូ ហើយជនរងគ្រោះ ក៏បានជួយលើកម៉ូតូរបស់ក្រុមស្ទាវដោយជនរងគ្រោះបាននិយាយថា ខំជួយលើកម៉ូតូពួកវាហើយមិនបានអរគុណសូម្បីតែមួយម៉ាត់ ហើយជនសង្ស័យខាងលើ ក៏បោះពាក្យសម្តីថា ក្តអីអ្ហា អ្ហែងចាំមើលអញមកវិញ។
មួយសន្ទុះក្រោយមក ក្រុមស្ទាវខាងលើនោះ មានគ្នា៣នាក់ បានត្រឡប់មកវិញដោយមានដាវសាំម៉ូរ៉ៃ២ដើមមកកាប់ចិញ្ច្រាំលើជនរងគ្រោះជាច្រើនដាវបណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។

ក្រោយទទួលពាក្យបណ្ដឹងរបស់ប្រពន្ធជនរងគ្រោះនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦សមត្ថកិច្ចខណ្ឌមានជ័យបានឃាត់ខ្លួនជនជាប់ចោទបញ្ជូនទៅតុលាការតែម្តង។

ទោះយ៉ាងណាតុលាការបានលើកពេលប្រកាសសាលក្រមសំណុំរឿងនេះ ទៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ខាងមុខ៕

https://youtu.be/fX3tdCeth7g

មតិយោបល់