ព័ត៌មានបច្ចេកវិទ្យា

Huawei ត្រៀមបញ្ចេញកាំភ្លើងធំតទល់នឹង iPhone 8 ខែក្រោយ!

ក្រោយពីបែកធ្លាយព័ត៌មានចចាមអារ៉ាមជាបន្តបន្ទាប់ ឥឡូវនេះ ក្រុមហ៊ុន Huawei បានប្រកាសហើយថា ខ្លួននឹងបើកបង្ហាញទូរសព្ទដៃទំនើបស៊េរីអេក្រង់ធំ Mate 10 នៅថ្ងៃទី ១៦ តុលា ខែក្រោយ ហើយថា​ សម្រាប់លោកអ្នកដែលកំពុងទន្ទឹងរង់ចាំពិតជាមិនខកបំណងឡើយ។

ក្រៅពី Huawei Mate 10 ម៉ូឌែលស្តង់ដា ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភព​លោករបស់ប្រទេសចិន ក៏ត្រូវគេរំពឹងថា នឹងបង្ហាញចេញនូវស្មាតហ្វូនពីរម៉ូឌែលផ្សេងទៀត ដែលមិនទាន់ទម្លាយឱ្យដឹងពីឈ្មោះនៅឡើយ។ ដោយឡែកគេដឹងច្បាស់ថា ក្រុមហ៊ុនក៏នឹងបញ្ចេញ Mate 10 Pro និង Mate 10 Lite សម្រាប់អ្នកចង់បានជម្រើសស្មាតហ្វូនថាមពលខ្ពស់ខ្លាំង និងខ្ពស់ល្មមផងដែរ។

ចំពោះលក្ខណៈសម្បត្តិ Huawei Mate 10 ដែលគេស្គាល់ឈ្មោះកូដម៉ូឌែលថា Marcel រហូតមកទល់ពេលនេះ គឺមានព័ត៌មានលេចឮតែបន្តិចបន្តួចប៉ុណ្ណោះ ខុសពីរៀមច្បងរបស់វា Mate 10 Pro ត្រូវគេអះអាងថា នឹងបំពាក់អេក្រង់ IPS LCD ទំហំ ៥.៩៩ អីុញ ប្រើខ្នាតបញ្ចាំងរូបភាព Quad HD (១៤៤០ x ២៨៨០ ភិចសែល) មានមាត្រដ្ឋាន ១៨:៩ (បណ្តោយ ១៨ អីុញ, ទទឹង ៩ អីុញ) កាមេរ៉ាក្រោយភ្លោះបំពាក់បច្ចេកវិទ្យា Leica ទំហំ ២០/១២ MP កាមេរ៉ាមុខមានទំហំ ៨ MP អមដោយបច្ចេកវិទ្យាទប់លំនឹង OIS និងមានស្រទាប់ការពារទឹកជ្រាបស្តង់ដា IP68។

Mate 10 Pro នឹងផ្តល់ថាមពលដោយបន្ទះឈីប CPU ផលិតដោយក្រុមហ៊ុនផ្ទាល់ Kirin 970 និងមានជំនួយពី RAM ទំហំ ៦ GB និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦៤/១២៨ GB ព្រមទាំងប្រើប្រាស់ថ្មដែលនឹងមានថាមពលរហូតដល់ ៤០០០ mAh។
សម្រាប់ Mate 10 Lite វិញ នឹងបំពាក់ជាមួយសមាសភាព Hardware ទាបជាង និងប្រើកាមេរ៉ាភ្លោះដូចម៉ូឌែល Pro ហើយចំពោះបច្ចេកវិទ្យា Leica ត្រូវគេរំពឹងថានឹងមានផងដែរ។

គួររំឭកថា​ កាលពីចុងខែកក្កដា ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Huawei លោក Richard Yu បានលើកឡើងនៅក្នុងកិច្ចសម្ភាស៍មួយជាមួយសារព័ត៌មាន Bloomberg ថា ស្មាតហ្វូនអេក្រង់ធំត្រកូល Mate ជំនាន់បន្ទាប់របស់ខ្លួន នឹងល្អជាង iPhone 8 តាមរយៈថាមពលកាន់តែខ្លាំងរបស់វា៕

ប្រភពព័ត៌មានៈVentureBeat

មតិយោបល់