ព្រៃវែងៈ លោកអធិការស្រុកពារាំងបានប្រាប់ Post News ថា មានករណីបង្កបួសស្នាម និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលសង្ស័យនាំគ្នាវាយជនរងគ្រោះ និងបានបំពុលសត្វទាងាប់អស់ជាច្រើន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១១និង៤០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមាត់ព្រែក ចម្ងាយ១,៥គីឡូម៉ែត្រ ខាងកើតភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាព យកថ្នាំបំពុលសត្វទា ដែលម្ចាស់យកទៅចិញ្ចឹមនៅកន្លែងកើតហេតុ បណ្តាលឲ្យងាប់អស់ចំនួន៣០០០ក្បាល។
រួចហើយជនសង្ស័យបន្តធ្វើសកម្មភាពយកព្រនុង និងកាំបិតវាយ និងកាប់ទៅលើជនរងគ្រោះជាកម្មករ ចិញ្ចឹមទា២នាក់ទៀត ដែលមានឈ្មោះ រ៉ាំ សីហា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រះស្តេច ឃុំតានេល ស្រុកព្រះស្តេច រងរបួសស្មាស្តាំ (ស្រាល) និងម្នាក់ទៀតឈ្មោះ វ៉ាន់ ឆៃវ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ ទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង រងរបួសចំនួន៤ព្រនុង។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានគេចចេញពីកន្លែងកើតហេតុបាត់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាត់ការតាមនីតិវិធី ។
មតិយោបល់