ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ពន្ធ័ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើ ឃាត់ខ្លួនបាននៅចំណុច២គោលដៅផ្សេងគ្នា ដោយគោលដៅទី១ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ទី១មានឈ្មោះ ជុំ វិជ្ជា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ទី២ឈ្មោះឡុង ភារ៉ា អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី៣ឈ្មោះ ពុធ លាភ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អ្នកទាំង៣នាក់ឃាត់នៅផ្លូវ១៩៨៦ក្នុងសង្កាត់ភ្នំពេញឃាត់ពីបទប្រើប្រាស់គ្រឿង
ញៀន)។

ចំណែកគោលដៅទី២ ឃាត់ខ្លួនបានម្នាក់ ឈ្មោះ ទៀង ប្រី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ឃាត់នៅផ្លូវបេតុង ក្រុងថ្មី ពីបទជួញដូរគ្រឿងញៀនខុសច្បាប់)។

មុននឹងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើខណៈដែលកម្លាំងប៉ុស្តិ៍ធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេង ហើយបានឃើញពួកគេកំពុងជិះម៉ូតូឌុបគ្នាហើយមានការសង្ស័យក៏ឃាត់យកមកកាត់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរនិងបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនក្រោយពិនិត្យទៅលើទឹកនោមឃើញថាអ្នកទាំង៤មានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោម។

ហើយក្នុងចំណោម៤នាក់នោះ មានម្នាក់ជាប់ពីបទជួញដូរគ្រឿងញៀន ឈ្មោះ ទៀង ប្រី ភេទប្រុសអាយុ២៦ឆ្នាំ ដោយដកហូតបានថ្នាំញៀន១កញ្ចប់។ ដោយឡែក៣នាក់ទៀតជាប់ពីបទប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការតាមនិតិវិធីបន្តតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់