ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ដែលលង់ទឹកបាត់អស់រយៈពេល៣ថ្ងៃកន្លងមកនោះ គិតមកដល់ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សាកសពត្រូវបានអណ្តែត ។
ក្មេងប្រុសរងគ្រោះដោយសារលង់ទឹកខាងលើ មានឈ្មោះសុង សុភ័ក្ត្រ អាយុ ១២ឆ្នាំ រៀននៅសាលាបឋមសិក្សា អនុវត្ត ដែលមានម្តាយឈ្មោះសុង សេរី ជាអាជីវករលក់ខោអាវ ក្នុងផ្សារកំពង់ស្ពឺ ឪពុកឈ្មោះម៉ា កុសល្យ ប៉ុន្តែពួកគាត់បានលែងលះគ្នាជាច្រើនឆ្នាំមកហើយមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ក្រោយពីសពកុមារារងគ្រោះអណ្តែត ក្រុមគ្រួសារបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅក្បែរស្រះទឹកនោះតែម្តង ។
មន្ត្រីកងរាជអាវុធហត្ថ ក្រុងច្បារមន បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមកនេះ មានក្មេងប្រុសម្នាក់ឈ្មោះសុង សុភ័ក្ត្រ ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិស្នោរទី១ សង្កាត់រកាធំ បានទៅលេងកន្លែង ប្រារព្ធពិធីបុណ្យអុំទូកកម្សាន្តលេងនៅក្នុងភូមិ ហើយពេលកំពុងដើរលេងស្រាប់តែចៃដន់អាក្រក់ បានរអឹលជើងធ្លាក់ចូលទៅក្នុងទឹកស្រះលិចបាត់តែម្តង ។ ប្រភពបន្តថា ក្រោយពីកើតហេតុប្រជាពលរដ្ឋ អាជ្ញាធរបាននាំគ្នាខ្នះខ្នែងចុះរាវ និងអួនសំឡាញ់អូសរកសាកសពដែរ ប៉ុន្តែរកមិនឃើញទាល់តែសោះ ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីរកអស់ចិត្តនៅតែមិនប្រទះឃើញសាកសពក្រុមគ្រួសារក្មេងរងគ្រោះ និងអ្នកភូមិបាននាំគ្នាអង្គុយចាំមើលសពអណ្តែតនៅមាត់ស្រះទាំងយប់ទាំងថ្ងៃរហូតព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ទើបឃើញអណ្តែតឡើងហើយនាំគ្នាស្រង់តែម្តង ។ ប្រភពបន្តថា ក្រុមគ្រួសារបានសម្រេចចិត្តរៀបចំធ្វើពិធីបុណ្យសពនៅក្បែស្រះទឹកនោះ ដោយមានការចូលរូមពីប្រជាពលរដ្ឋ និងអាជ្ញាធរផងដែរ ។
នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកានេះ លោកអ៊ូ សំអួន អភិបាល ខេត្តកំពង់ស្ពឺ តាមរយៈលោកហ៊ុន ប៊ុនរ៉ាជំនួយការទទួលបន្ទុកដីធ្លី បានចូលរូមឧប្បត្ថមទឹកប្រាក់ ១០០ដុល្លា និង១០ម៉ឺនរៀល សម្រាប់រៀបចំពិធីបុណ្យសពក្មេងប្រុសសុង សុភ័ក្ត្រ ។ ទឹកប្រាក់ដែលបានមកពីជួយ របស់លោកអភិបាលខេត្តនេះ ត្រូវបានលោកស្រីប៉ោក សេដ្ឋា ចៅក្រុងច្បារមនយកទៅប្រគល់ជួនម្តាយសព ហើយពួកគាត់ក៍សូមថ្លែងអំណរគុណចំពោះទឹកចិត្ត និងការជួយជ្រោមជ្រែងជាទឹកប្រាក់សម្រាប់បុណ្យសពកូនគាត់នេះផងដែរ ។
បច្ចុប្បន្នសាកសពក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅក្បែរមាត់ស្រះទឹកនោះតែម្តង ៕
មតិយោបល់