ព័ត៌មានជាតិ

ជិះZoomer-Xដួល ត្រូវរថយន្តមកលឿនកិនស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់!

កំពង់ឆ្នាំងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូម៉ាក Zoomer-X បើកខ្វះការប្រុងប្រយត្ន័ ក៏ដួលស្របពេលមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មកដល់កិនពីលើ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៣ ភូមិស្រែតាជៃខាងលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ខាងលើនេះ ទី១មានឈ្មោះ ហេង ម៉ាប់ ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង , ទី២ឈ្មោះ សេង សុគន្ធា អាយុ២ឆ្នាំ ភេទស្រី នៅភូមិឃុំជាមួយគ្នា (អ្នកទាំង២នាក់ស្លាប់) និងជនរងគ្រោះទី៣ឈ្មោះ ហេង ចាន់ណា ភេទស្រី អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) អ្នកបើកបរម៉ូតូ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូជនរងគ្រោះម៉ាកZoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FZ-1218 បានជិះគ្នា៣នាក់ បើកចេញពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ ក៏បានដួលនៅលើទ្រូងថ្នល់ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 បើកក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើក៏កិនជនរងគ្រោះដែលកំពុងដួលទាំង២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកធម្យោបាយធ្វើដំណើរខាងលើ ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់