ព័ត៌មានជាតិ

រថយន្តកែច្នៃបុករថយន្តសាំយ៉ុង ជ្រុលទៅកៀរម៉ូតូ ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង!

ព្រៃវែងៈ លោកអធិការស្រុកពារាំង បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកែច្នៃទៅបុករថយន្តសាំយ៉ុងជ្រុលទៅកៀរម៉ូតូ បណ្តាលឲ្យមានមនុស្សរងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តកែឆ្នៃ១គ្រឿង ពណ៌ត្រេអ៊ី គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទូច សុភ័ក្រ ភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុង រកាក្រៅ ខេត្តតាកែវ ធ្វើតំណើរពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ រថយន្ត រ៉េចង្កូតជ្រុលទៅបុកជាមួយរថយន្ត១គ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2AP- 4272 បើកបរដោយឈ្មោះ អេង ឌីណា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិសាឡូង ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ដែលកំពុងធ្វើតំណើរបញ្ច្រាសទិសគ្នា រួចរថយន្តសាំយ៉ុង ក៏ជ្រុលទៅកៀរម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2FI-8862 បើកបរដោយឈ្មោះ សុន នន់ ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ដែលកំពុងធ្វើដំណើរស្របទិសជាមួយរថយន្តសាំយ៉ុង បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នកបើកបររថយន្តកែឆ្នៃ រងរបួស រីឯរថយន្តសាំយ៉ុងនិងម៉ូតូ រអិលធ្លាក់ពីលើផ្លូវ។

ក្រោយពេលកើតហេតុ អ្នករងរបួសបញ្ជូនទៅពេទ្យឯកជនស្នាយពល ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់