ព័ត៌មានជាតិ

ឡិចស៊ីសគេចម៉ូតូ ជ្រុលទៅបុកក្បាលនាគចែកទ្រូងខ្ទេចក្បាលខាងមុខ!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តលឿនពេក បានគេចពីម៉ូតូដែលបើកនៅខាងមុខ ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់១កង់ ចំណែករថយន្តមិនទាន់អស់ល្បឿនជ្រុលទៅមុខប្រមាណជាង២០ម៉ែត្រ រហូតបែកកង់ដាច់កាឡេខាងមុខខាងឆ្វេងទៅលែងរួចសំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទី យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវិទ្យាស្ថានសុីតិក តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីស្ត្រីម្នាក់ដែលត្រូវជាបងម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា ប្អូនរបស់គាត់បើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-6610 បានដឹកភ្ញៀវទៅដាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង ហើយបានត្រឡប់មកវិញបានបើកបរតាមបណ្តោយផ្លូវមហាវិថីសហពន្ធ័រុស្សី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូមួយគ្រឿងទៀតដែលបើកនៅមុខដោយបានបួងចង្កូតជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់១កង់ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅមុខបានប្រមាណជាង២០ម៉ែត្រ បែកកង់ដាច់កាឡេខាងមុខខាងឆ្វេងខូចខាតយ៉ាងដំណំទៅមុខលែងរួច សំណាងល្អមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់