ភ្នំពេញៈ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអធ័ម និង២នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានស្ទឹងមានជ័យដួលបោកនឹងថ្នល់ពេញទំហឹង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅចំណុច ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌កាប់ស្តាំង បិតស្គុតស ពាក់ស្លាកលេខ តាកែវ 1N-9537 ជិះតាមផ្លូវ២៧១ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ គាប់ជួននិងផ្លូវកោងផងនោះ បានកាច់ចង្កូតមិនទាន់ជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់បាក់ កស្លាប់នៅនិងកន្លែងកើតហេតុម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ដឹកយកសាកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់