ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង ជិះបុករថយន្តចតចោលនៅមុខផ្ទះ បណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ទៅបុករថយន្តលុចស៊ីស ដែលចតចោលនៅមុខផ្ទះគេ បណ្តាលឲ្យបុរសម្នាក់ រងរបួសបាក់ជើងស្តាំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ឆ្នាំ២០១៦ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FM-1442 បើកតាមបណ្តោយផ្លូវ ៥០៨ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ក៏បានទៅបុកគូទរថយន្តលុចស៊ីសRX-330 ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AI-2402 ដែលចតនៅមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់បាក់ជើង ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងធ្វើការដោះស្រាយគ្នា ហើយខាងភាគីម៉ូតូបានព្រមយករថយន្ត ទៅជួសជុលឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់