(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាហើយលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មលើតំបន់ផ្ដាច់ខ្លួន ពីរ នៅភាគខាងកើតប្រទេសអ៊ុយក្រែន គ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្ររុស្ស៊ី។
បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki, លោក បៃដិន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលនឹងហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិក ក្នុងការវិនិយោគ, ធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយសាធារណរដ្ឋប្រជាមានិតដូណេតក៍ (DNR) និងសាធារណរដ្ឋប្រជាមានិតលូហានក៍ (LNR) ខណៈបណ្ដាប្រទេសលោកខាងលិចបានត្រៀមខ្លួនជាស្រេច ដើម្បីដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីពិតជាឈ្លានពានអ៊ុយក្រែនមែននោះ។
ការសម្រេចចិត្តដាក់ទណ្ឌកម្មជាជំហានដំបូងរបស់រដ្ឋបាលលោក ចូ បៃដិន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញ ក្រឹត្យចំនួន២ ដោយក្រឹត្យទី១ ទទួលស្គាល់តំបន់ផ្ដាច់ខ្លួនទាំងពីរនេះនៅអ៊ុយក្រែនជារដ្ឋឯករាជ្យ និងក្រឹត្យទី២ គឺបញ្ជូនកងទ័ពរុស្ស៊ីទៅកាន់តំបន់ ទាំង២ ក្រោមបេសកកម្មរក្សាសន្តិភាព។
សហរដ្ឋអាមេរិក កំពុងវាយតម្លៃថាតើបទបញ្ជារបស់លោក ពូទីន ឱ្យកងទ័ពរុស្ស៊ីចូលទៅកាន់តំបន់ផ្ដាច់ខ្លួនទាំងពីរខាងលើ គ្រប់គ្រង ដោយក្រុមឧទ្ទាមគាំទ្ររុស្ស៊ី គឺជាសកម្មភាពឈ្លានពាន ឬក៏យ៉ាងណា។ កាលពីខែមករាកន្លងទៅ លោក បៃដិនផ្ទាល់ធ្លាប់បានព្រមានថា បើកងទ័ពរុស្ស៊ី ឆ្លងព្រំដែនចូលទឹកដីអ៊ុយក្រែន នោះវានឹងត្រូវបានចាត់ទុកថាជាការឈ្លានពាន៕
ប្រភព៖ AFP
មតិយោបល់