កំពតៈ លោកអធិការរងស្រុកកំពង់ត្រាច ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣១ ចំណុចភូមិដើមពោធិ៍ ឃុំអង្គសុភី។
ប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាក ភេធើលីត (peterlet) ពណ៌ស លាយខៀវ ក្បាលពាក់ស្លាកលេខ ភ្នំពេញ3D-6847 កន្ទុយពាក់ស្លាកលេខ ព្រះសីហនុ4A-1183 ដឹកទំនិញ ធ្យូងថ្មពេញ បានបែកកង់ឈប់នៅលើផ្លូវជាតិលេខ៣១ ចំណុចភូមិ ឃុំកើតហេតុខាងលើ ហើយក៏មានម៉ូតូ១គ្រឿង ម៉ាកC125 ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-6140បើកបរដោយឈ្មោះ កុយ ណន ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ទិសដៅម៉ូតូ មកពីត្បូងទៅជើង មកបុករថយន្តដែលកំពុងឈប់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកធ្វើការត្រួតពិនិត្យ និងធ្វើកាវាស់វែង ហើយបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិឲ្យយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់