ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានទៅដល់ការដុតរោងបាយកម្ទេចចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលដុតរោងបាយខ្លួនឯងខាងលើនេះមានឈ្មោះ ឆាំ គឹមឆេង អាយុ៣៣ឆ្នាំ ដោយមានប្រពន្ធឈ្មោះ ទេព សំបុណ្យ អាយុ៣១ឆ្នាំ មានកូនស្រីចំនួន៣នាក់ ក្នុងបន្ទុកគ្រួសារស្នាក់នៅផ្ទះកើតហេតុខាងលើ។
ក្នុងនោះដែរ អគ្គិភ័យបានឆាបឆេះផ្ទះបាយ សសរឈើប្រក់ស្លឹក ជញ្ជាំងស្លឹកដែលមានទំហំ៤ម៉ែត្រ គុណនឹង ២,៥ ម៉ែត្រ , ចានស្រាក់ដាក់បាយមួយកំប្លេរ និងឆ្នាំងដាំបាយ១ , ចំណែកមនុស្សមិនបណ្តាល
ឲ្យរងគ្រោះទេ។
ហេតុផលដែលនាំឲ្យមានការដុតរោងបាយខាងលើនេះ គឺបណ្តាលមកពីជនសង្ស័យខាងលើ បានប្រច័ណ្ឌប្រពន្ធ មិនឲ្យ
ទៅធ្វើការរោងចក្រកាត់ដេរ ក៏បង្កើតមានជម្លោះពាក្យសម្តីបន្តិចបន្តួច ឈានទៅដល់ដុតផ្ទះបាយចោលតែម្តង ហើយបច្ចុប្បន្នបុរសជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកន្ទួតដើម្បីធ្វើការអប់រំ៕
មតិយោបល់