ព័ត៌មានជាតិ

ប្រយ័ត្នផងអ្នកចូលចិត្តហូប! សមត្ថកិច្ចរកឃើញ ប្រហិត​ខូចគុណភាព ​នៅផ្សារដើមគរ

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន​៨ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ សាច់ត្រីផាត់ សាច់ជ្រូកផាត់ នំចាក់ច័ន្ទ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក និងត្រីងៀតគ្រប់មុខ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

​ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ប្រហិត ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន​៨ ដុំ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតយកមកកម្ទេចចោល។
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់