ព័ត៌មានជាតិ

Update៖ អាសូរណាស់! បុរសគ្មានសាច់ញាតិម្នាក់ ចុកពោះប្រកាច់ស្រែកខ្លាំង លើស្មៅសួនច្បារមាត់ទន្លេ រហូតដាច់ខ្យល់ស្លាប់

ភ្នំពេញៈ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតត្រង់ចំណុចសួនច្បារមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងជើងវត្តឧណ្ណាលោម) មានករណីបុរសម្នាក់ បានដេកដួលស្លាប់។

ជនរងគ្រោះឈ្មោះ ជ្រុយ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ព្រមទាំងគ្មានសាច់ញាតិទ្បើយ។

ប្រភពពីពលរដ្ឋ បានឲ្យដឹងថា ជនរងគ្រោះ ទើបតែចេញពីមណ្ឌលកែប្រែ ៤ ថ្ងៃប៉ុណ្ណោះ គឺមកស្នាក់នៅតាមសួនច្បារមាត់ទន្លេកន្លែងកើតហេតុ ដោយដើរសុំលុយពីគេតាមមាត់ទន្លេ និងរើសអេតចាយ ដើម្បីយកលុយមកទិញអាហារហូប។ នៅវេលាព្រឹកម៉ោង ៩ ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ បានស្រែកប្រាប់អ្នកធ្វើដំណើរ នៅជិតកន្លែងកើតហេតុថា ខ្លួនមានអាការចុកឆ្អល់ ក្នុងពោះ ពិបាកដកដង្ហើម ភ្លាមនោះ ក៏មានពលរដ្ឋ បានទាក់ទងទៅខាងអង្គការមិត្តសំឡាញ់មណ្ឌលកែប្រែ នៅឯព្រែកស្ពឺឲ្យមកទទួលយកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។

ប៉ុន្តែខាងអង្គការ បានប្រាប់ថា ម៉ោង ១ រសៀល ទើបមកទទួលបាន ស្រាប់តែវេលាម៉ោង ១១ព្រឹកជនរងគ្រោះ បានប្រកាច់ននៀលស្រែកខ្លាំងៗ លើស្មៅសួនច្បារ កន្លែងកើតហេតុ រួចក៏ដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង ពេលធ្វើកំណត់ហេតុរួច បានទាក់ទងទៅរថយន្តសាមុយ ដឹកយកសពទៅវត្តទួល រង់ចាំធ្វើការបូជានៅពេលក្រោយ៕

មតិយោបល់