កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់មានយុវតី៣នាក់ជិះម៉ូតូឌុបគ្នា ត្រូវបានម៉ូតូមួយគ្រឿងទៀតកៀរផ្តួល បណ្តាលឲ្យខ្ទាតចូលរថយន្ត ស្លាប់២នាក់យ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិ
លេខ៦ ភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ខាងលើនេះ ទី១មានឈ្មោះ ស៊ុន ពិពណ៌ ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិថ្មសំលៀង ឃំុក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុជាអ្នកបើកម៉ូតូ) , ទី២ឈ្មោះ ស៊ុន ម៉េងស្រឺ ភេទស្រីអាយុ១៥ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣ឈ្មោះ លូញ ស្រីលាប ភេទស្រីអាយុ១៩ឆ្នាំ (របួសស្រាល) អ្នកទាំង២ ជាអ្នករួមដំណើរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូនិងម៉ូតូនិងរថយន្ត ដែលបើកបរស្របទិសគ្នាពីជេីងទៅត្បូង ក្នុងនោះមុនដំបូងឡើយគេឃើញម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-4765 ជិះដោយជនរងគ្រោះទាំង៣នាក់ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម បានទ្បេីងជែងខាងស្តាំហេីយកៀរម៉ូតូជនរងគ្រោះឲ្យដួលគ្រវែងមនុស្ស ចូលទ្រូងផ្លូវត្រូវរថយន្តសាំងយ៉ុង ពណ៌ខៀវ បុកចំមនុស្សទាំង២នាក់ចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួស ហើយភ្លាមៗម៉ូតូសេ១០០កូរ៉េ និងរថយន្តស៊ាំយ៉ុងខាងលើ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សពទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសន្ទុកបណ្តោះអាសន្ន៕
មតិយោបល់