ស្វាយរៀងៈ លោកអធិការរងក្រុងស្វាយរៀង ទទួលបន្ទុកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថា្នក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដបុកជាមួយនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២១និង១២២ ស្ថិតនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។
ប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្ដម៉ាក ហ៊ីណូ ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ01 3-3693 បើកបរដោយឈ្មោះ លី ដានី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ដ រស់នៅភូមិជ្រលង ឃុំ ត្រែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានឈប់ចតរថយន្ដពីលិចទៅកើតចាំរថយន្ដស្ទួច ដើម្បីទម្លាក់បង្គោលភ្លើងចុះ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 1I-6854 បើកបរដោយឈ្មោះ ហុង សាវឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីលិចទៅកើត ពាក់មួកសុវត្តិភាព មកបុករថយន្តដែលកំពុងចត បណ្តាលឲ្យបុរសដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់ (ម៉ូតូខូចខាតធ្ងន់) ។
មូលហេតុ គឺមកពីរថយន្ដឈប់ចតលើចិញ្ចើមផ្លូវ ដោយមិនបានប្រើប្រាស់ភ្លើងសញ្ញា ដើម្បីជាកំណត់សំគាល់នោះទេ។
ក្រោយពេលកើតហេតុ អ្នករបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំណែកម៉ូតូនិងរថយន្តត្រូវយកទៅរក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀង ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់