កូរ៉េៈ កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយកាលពីពុធថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាលើកដំបូង សម្រាប់កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ដោយទទួកជោគជ័យ ដែលវានឹងត្រូវប្រើសម្រាប់ការវាយប្រហារ នៅទីតាំងសំខាន់ៗ ក្នុងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន yonhap ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅតំបន់ Taean ភាគខាងត្បូងខេត្ត Chungcheong កាលពីថ្ងៃអង្គារ ដោយយន្តហោះចម្បាំង F-15K របស់កងទ័ពអាកាសកូរ៉េខាងត្បូង បានបាញ់មីស៊ីល Taurus ចំនួនមួយគ្រាប់ ដែលវាអាចហោះបានចម្ងាយ ៤០០ គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ១១៦៣ គីទ្បូម៉ែត្រ ក្នុង១ម៉ោង និងធ្វើការវាយប្រហារចំគោលដៅដូចការគ្រោងទុក។
សូមជំរាបថា កំាជ្រួចមីស៊ីល Taurus អាចហោះហើរបានចម្ងាយរហូតដល់ ៥០០ គីទ្បូម៉ែត្រឯណ្ណោះ និងមានសមត្ថភាពវាយប្រហារគោលដៅ នៅភាគខាងជើងទីក្រុងព្យុងយ៉ាងបាន បើទោះបីជាវា ត្រូវបានគេបាញ់ចេញឆ្ងាយពីផ្នែកកណ្តាល នៃប្រទេសកូរ៉េខាងត្បូងក៏ដោយ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា សមយុទ្ធបាញ់សាកល្បងមីស៊ីល Taurus គឺធ្វើទ្បើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែរលើកទី ៦ របស់កូរ៉េខាងជើង កាលពីថ្ងៃទី ៣ ខែកញ្ញាកន្លងមក៕
មតិយោបល់