(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើដំណើរចាកចេញពីតំបន់អាស៊ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន។
បើតាមនាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង, មីស៊ីលផ្លោងទាំង៣គ្រាប់ខាងលើ ត្រូវបានកូរ៉េខាងជើងបានចេញពីតំបន់ Sunan នៃភាគជើងរដ្ឋធានីព្យុងយ៉ាង។ ចំណែកឯ រដ្ឋាភិបាលជប៉ុន បានរាយការណ៍ពីការធ្វើតេស្ដមីស៊ីលចំនួន ២គ្រាប់ តែក៏បានទទួលស្គាល់ដែរថា មីស៊ីលដែលត្រូវបានធ្វើតេស្ដអាចមានលើសពី ២គ្រាប់។ បន្ថែមពីលើនេះ ទីក្រុងតូក្យូបានបញ្ជាក់ទៀតថាមីស៊ីលមួយគ្រាប់ក្នុងចំណោមមីស៊ីល ដែលកូរ៉េខាងជើងបានបាញ់សាកល្បង ហោះបានក្នុងចម្ងាយ ៧៥០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥០គីឡូម៉ែត្រ ខណៈមីស៊ីលមួយគ្រប់ទៀត ហោះបានចម្ងាយ ៣០០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥៥០គីឡូម៉ែត្រ។
បើតាមមន្ត្រីសេតវិមានម្នាក់, លោក ចូ បៃដិន ដែលបានចាកចេញពីប្រទេសជប៉ុន កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ ក៏ទទួលបាន ការជូនដំណឹងពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងនេះដែរ ហើយនឹងបន្តទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត៕
ប្រភព៖ Reuters



មតិយោបល់