រតនៈគីរីៈ កម្លាំងគយចល័តចាប់រថយន្តដឹកឈើប្រណីត១គ្រឿងពេញប្រៀប ប្រុងឆ្លងចូលប្រទេសវៀតណាម តាមច្រករបៀង។ រថយន្ដដឹកឈើប្រណីតពេញមួយគ្រឿង ម៉ាក Toyota Land Cruiser ត្រូវកម្លាំងគយចល័តដឹកនាំឲ្យលោក ព្រាប ការ៉ាត់ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះចាប់នៅក្នុងព្រៃ ស្ថិតក្នុងភូមិប៉ក់ ឃុំប៉ក់ញ៉ៃ ស្រុកអ៊ូរយ៉ាដាវ ខេត្តរនគិរី នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។
មន្ត្រីគយចល័តបានឲ្យដឹងទៀថា រថយន្តដឹកឈើប្រណីត១គ្រឿងពេញនេះ ប្រុងឆ្លងដែនទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងភូមិភាគ ប៉ុន្តែមិនទាន់ដល់គោលដៅផង ក៏ត្រូវកម្លាំងចម្រុះចាប់បានតែម្តង។ បន្ទាប់ពីចាប់រថយន្តដឹកឈើនោះបាន ទាំងឈើ និងរថយន្ត ត្រូវបានយកមកថែរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី ខណៈអ្នកបើកបររថយន្តល្មើសរត់ចូលព្រៃបាត់។
មន្រ្តីគយចល័ត លោក ព្រាប ការ៉ាត់ បានបញ្ជាក់ប្រាបព័ត៌មានថា ការចាប់ឃាត់រថយន្តនេះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្កា និងបង្រ្កាបបទល្មើសគយ និងទទួលបានព័ត៌មានសម្ងាត់ពីកម្លាំងគយ។ ឈើប្រណីតល្មើសច្បាប់ទាំងនេះ គឺជាទំនិញល្មើសច្បាប់គយ ដូច្នេះនាយកដ្ឋានគយ ត្រូវតែចាត់វិធានការ និងតម្រូវឲ្យមានការបង់ពន្ធ តាមច្បាប់របស់គយកំណត់។
ពាក់ព័ន្ធនិងសកម្មភាព រត់ពន្ធឈើខុសច្បាប់ និងបង្រ្កាបរថយន្តអត់ពន្ធ នារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការងឿងឆ្ងល់ថា ក្នុងមួយយប់ៗរថយន្ដដឹកឈើល្មើសច្បាប់មិនតិចជាងពី៥០ទៅ៧០គ្រឿងនោះទេ តែកម្លាំងគយចល័តចាប់បានតែមួយរថយន្ដប៉ុណ្ដោះបើគិតសរុបពីថ្ងៃមុនពីរថយន្ដបានតែបីរថយន្ដ ចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្កា និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះនៅមានកម្រឹតនៅឡើយ៕
មតិយោបល់