កណ្តាលៈ យុវជនម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលដាក់អាំងវទ័រឆក់ត្រី បែរជាភ្នាត់ស្នៀតឆក់ស្លាប់ខ្លួនឯងទៅវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចនៅភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានអោយដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ ទីង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក៖ អាគុយចំនួន១គ្រឿង ៤០អំពែ, អាំងវទ័រ ចំនួន១គ្រឿង។
លោកអធិការស្រុកស្អាងបានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី ឈ្មោះ វ៉ាន់ ទីង បានចេញពីផ្ទះទៅឆក់ត្រីនៅបឹងចុងភូមិព្រែករុន ហើយពេលដែលកំពុងដើរឆក់ក៏ធ្លាក់អន្លុងបណ្តាលដួលត្រូវឆក់អាំងវទ័រខ្លួនឯង។ ពេលនោះឪពុកជនរងគ្រោះឈរមើលឃើញភ្លើងពិលរបស់កូនមិនមានក៏សង្ស័យបានដើរទៅមើលឃើញកូនដេកស្លាប់ដោយឆក់អាំងវទ័ររបស់ខ្លួនឯង។
ក្រោយមកឪពុកឈ្មោះ ប៉ិច វ៉ាន បានយកកូនមកដល់ផ្ទះរបស់ខ្លួន រហូតដល់ម៉ោង៧និង៣០នាទីព្រឹក នៅថ្ងៃ១៤ ខែកញ្ញា ២០១៧ ទើបរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកគយ។
ពេលទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកបច្ចេកទេសស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកគយ និងមេភូមិ ក្រុមប្រឹក្សាឃុំ បានពិនិត្យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ត្រីប្រាកដមែន ។ ដោយមានការអះអាងបញ្ជាក់ ពីឪពុកម្តាយជនរងគ្រោះនិងអ្នកភូមិ។
បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់