ព័ត៌មានជាតិ

មានវីដេអូ៖ បញ្ជូនបុរសម្នាក់ទៅកាន់តុលាការ រឿងដកកាំភ្លើងដេញ ប្រពន្ធ និងម្តាយក្មេក

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី ដកកាំភ្លើងដេញបាញ់ប្រពន្ធ និងម្តាយក្មេក ព្រោះរឿង ប្រចណ្ឌ និងរឿងបំណុល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុត បុរី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុិម ចន្ទីរីដា អាយុ ២៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ នៅម្ដុំបឹងទំពុន និងម្តាយក្មេកឈ្មោះ គឹម វណ្ណះ អាយុ ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណ:ជនសង្ស័យបាន ដកកាំភ្លើងខ្លីម៉ាក ប៉េអាកុល ដេញបាញ់សម្លាប់ម្ដាយក្មេក និងប្រពន្ធ ព្រោះរឿងប្រចណ្ឌ និងរឿង ជំពាក់បំណុលគេ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យធ្លាប់ប្រើហិង្សាទៅលើប្រពន្ធបណ្ដាលឲ្យមានរបួសស្នាម និងធ្លាប់ចូលប៉ុស្ដិ៍ធ្វើកិច្ចសន្យា២ដងរួចមកហើយដែរ។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យខាងលើបានសារភាពថា រូបគេបានទិញកាំភ្លើងខាងលើ មានគ្រាប់ ចំនួន ៨គ្រាប់ពីប្រទេសថៃ តម្លៃ ៦០០ដុល្លារ ទុកសម្រាប់បាញ់សម្លាប់ម្ដាយក្មេក និងប្រពន្ធរបស់ខ្លួន ព្រោះតែមានចិត្តខឹងបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ខឹងម្ដាយក្មេកក្រោយបំបែកបំបាក់ប្រពន្ធកូនដើម និងខឹងប្រពន្ធលួចមានប្រុសថ្មី។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យខាងលើស្ថិតក្រោមចំណាត់ការរបស់លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ៕

//youtu.be/DspGszYIAYI

មតិយោបល់