ព័ត៌មានជាតិ

មានVideo៖ តុលាការឃុំខ្លួនបុរសម្នាក់រឿងដកកាំភ្លើងដេញ ប្រពន្ធនិងម្តាយក្មេក សម្លាប់មិនបានសម្រេច

ភ្នំពេញ: យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ
លោក សេង រិទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ អ៊ុត បុរី ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសហើយ។

សមត្ថកិច្ច បានថ្លែងថា លោក រៀល សុភិន ជាតំណាងអយ្យការ បានចោទប្រកាន់លើឈ្មោះ អ៊ុត បុរី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពីបទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តកាលពីម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ និងមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី ដកកាំភ្លើងដេញបាញ់ប្រពន្ធមានឈ្មោះ សុិម ចន្ទីរីដា អាយុ ២៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ នៅម្ដុំបឹងទំពុន និងម្តាយក្មេកឈ្មោះ គឹម វណ្ណ: អាយុ ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណ:ជនសង្ស័យបាន ដកកាំភ្លើងខ្លីម៉ាក ប៉េអាកុល ដេញបាញ់សម្លាប់ម្ដាយក្មេក និងប្រពន្ធព្រោះរឿងប្រចណ្ឌ និងរឿងជំពាក់បំណុលគេ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យធ្លាប់ប្រើហិង្សាទៅលើប្រពន្ធបណ្ដាលឲ្យមានរបួសស្នាម និងធ្លាប់ចូលប៉ុស្ដិ៍ធ្វើកិច្ចសន្យា២ដងរួចមកហើយដែរ។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យខាងលើបានសារភាពថា រូបគេបានទិញកាំភ្លើងខាងលើ មានគ្រាប់ ចំនួន ៨គ្រាប់ពីប្រទេសថៃ តម្លៃ ៦០០ដុល្លារ ទុកសម្រាប់បាញ់សម្លាប់ម្ដាយក្មេក និងប្រពន្ធរបស់ខ្លួន ព្រោះតែមានចិត្តខឹងបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ខឹងម្ដាយក្មេកក្រោយបំបែកបំបាក់ប្រពន្ធកូនដើម និងខឹងប្រពន្ធលួចមានប្រុសថ្មី៕

មតិយោបល់