ព័ត៌មានជាតិ

តុលាការឃុំខ្លួនបុរស៣នាក់ រឿងជួញដូរគ្រឿងញៀនជាង៨គីឡូក្រាម តែបំបែកសំណុំរឿងពីគ្នា

ភ្នំពេញ: នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ជនត្រូវចោទ ចំនួន២នាក់៖
-ទី១ឈ្មោះ សូគី ថនថៃ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅពិត ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងមានទីលំនៅបណ្ដោះអាសន្ន ផ្ទះជួល លូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នកកាន់គ្រឿងញៀន

-និងទី២ឈ្មោះ ស៊ុម ម៉ៃ អាយុ ២៧ឆ្នាំ ជាអ្នកកាន់គ្រឿងញៀន ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសហើយ។

សមត្ថកិច្ចបានថ្លែងថា ជនត្រូវចោទ ២នាក់ខាងលើនេះ ត្រូវបានលោក សៀង សុខ ជាតំណាងអយ្យការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ដោយឡែកជនត្រូវចោទម្នាក់ទៀតឈ្មោះ ហៀក ដារ៉ា ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ អ្នករៀបចម្ការទំនាក់ទំនងចែកចាយ និងលក់គ្រឿងញៀន នោះមិនត្រូវបានសមត្ថកិច្ចទម្លាយឱ្យដឹងថា នៅក្រោមចំណាត់ការរបស់តំណាងអយ្យការរូបណា និងចៅក្រមស៊ើបសួររូបណា កាន់ឡើយ ដោយបានត្រឹមតែប្រាប់ថា ជនត្រូវចោទរូបនេះត្រូវបានបំបែកសំណុំរឿងចេញពីគេ។

យើងក៏មិនអាចសុំការបញ្ជាក់ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដែរ ព្រោះតែលោកថា លោកមានបេសកកម្មទៅក្រៅប្រទេស។

គួររំលឹកថា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ កម្លាំងនគរបាល «ក៩» នៃមន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមមុខសញ្ញាជួញដូរគ្រឿងញៀនជាបន្ដបន្ទាប់ រហូតឃាត់ខ្លួនជនសង្ស័យ ទាំង៤នាក់ខាងលើ និងគ្រឿងញៀនជាប្រភេទម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួនជាង ៨គីឡូក្រាម ព្រមទាំងដកហូតបានម៉ូតូ ចំនួន ២គ្រឿង និងទូរសព្ទដៃចំនួន ៥គ្រឿង នៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់នេះ កម្លាំងជំនាញ បានបន្តទៅឆែកផ្ទះរបស់ឈ្មោះ ហៀក ដារ៉ា នៅផ្ទះលេខ៣០ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជាលទ្ធផល រកឃើញសារធាតុញៀនចំនួន២កញ្ចប់តូច មានទម្ងន់ប្រហែល ២០០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១ និងបានហៅប្រពន្ធ ឈ្មោះ ស៊ឹម សេងឡៃ អាយុ៤២ ឆ្នាំ ដើម្បីសាកសួរបន្ថែម។

យោងតាមសមត្ថិច្ច បានឱ្យដឹងថាគ្រឿងញៀនដែលដកហូតបាន ជាប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) មានទម្ងន់សរុប ៨,១៩៧.២៨ក្រាម៕

//youtu.be/ytk6hIvo120

មតិយោបល់