ព័ត៌មានជាតិ

កាមរីហាយប៊្រីត លឿនដូចរន្ទះពន្លះទ្រូងផ្លូវខ្ទេច ទំជាប់បះជើងម្ខាង!

ភ្នំពេញ: រថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករ បើកក្នុងល្បឿនលឿនពេក លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរលំ រីឯរថយន្តវិញទំច្រង៉ាងនៅលើទ្រូងផ្លូវតែម្តង។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (នៅមុខរោងចក្រផលិតបារីសេក) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីហាយប្រ៊ីត ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-6062 បើកបរដោយបុរសម្នាក់វ័យប្រហែល៣០ឆ្នាំជាង ទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យរលំអស់មួយកង់ រីឯរថយន្តទំនៅជាប់លើទ្រូងផ្លូវទ្បើងច្រង៉ាងរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្ករឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនម្ចាស់រថយន្តយកមកសួរនាំនៅប៉ុស្តិ៍ចាក់អង្រែលើ និងទាក់ទងទៅកាន់សមត្ថកិច្ចក្រុងឲ្យយករថយន្តស្ទូចនឹងវាស់វែងហើយស្ទូចយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់