ព័ត៌មានជាតិ

រថយន្តToyota Relly មួយគ្រឿង ស្លាកលេខភ្នំពេញ 2BV-1797 បើកបរដោយបុរសម្នាក់បុកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយតៃកុងរងរបួស

ភ្នំពេញៈ នៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងបុរសម្នាក់បើករថយន្ត Toyota Relly ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BV-1797 បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយបាក់ខ្ទាតរងការខូចខាតយ៉ាងដំណំ និងតៃកុងរងរបួស ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកToyota Relly ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ខណៈបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅ បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯតៃកុងរថយន្តនោះវិញបានរងរបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ ។ បន្ទាប់មកបានយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់នាពេលក្រោយ ៕

មតិយោបល់