ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូលច្រកទ្វារអន្តជាតិភ្នំដិន បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួស!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តតូច និងរថយន្តតូច បើកបញ្ច្រាសទិសគ្នាពីលិចទៅកើត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ តាមដងផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៣ទៅ១២៤។

មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាក លេខភ្នំពេញ 2AD-4951 មានការខូចខាតកម្រិតស្រាល ធ្វើដំណើរពីលិចទៅកើត អ្នកបើកឈ្មោះ អ៊ូ សុផារ៉ាត់ ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរមន្រ្តីកាំកុងត្រូលច្រកទ្វារអន្តជាតិភ្នំដិន រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ត្រូវទទួលរងរបួសស្រាល ពុំបានសម្រាកនៅមន្ទីរពេទ្យទេ នឹងដឹកអ្នកដំណើរ១នាក់ ឈ្មោះ ឈរ វិចិត្រ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្រ្តីកាំកុងត្រូលច្រកទ្វារអន្តជាតិភ្នំដិន រស់នៅទីក្រុងភ្នំពេញ ទទួលរងរបួសស្រាល ពុំបានសម្រាកនៅមន្ទីពេទ្យទេ ។ ចំណែករថយន្តបង្កម្ខាងទៀត ម៉ាកកាមរីពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2B-4994 មានការខូចខាតកម្រិតស្រាលផ្នែកខាងមុខ អ្នកបើកបរឈ្មោះ លេ ទូ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម មុខរបរជាងសំណង់ ពុំមានរងរបួសអ្វីឡើងធ្វើដំណើរពីកើតទៅលិច។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបររថយន្តឈ្មោះ អ៊ូ សុផារ៉ាត់ បើកបរមានល្បឿន លុះដល់ចំណុចផ្លូវកោងពុំបានជាន់ហ្វ្រាំងក៏បណ្តាលឲ្យរថយន្តវេចង្កូតក្រឡាប់ទៅលើរថយន្ត១គ្រឿងទៀតក្នុងពេលធ្វើដំណើរបញ្ច្រាសទិសគ្នា។

រីឯវត្ថុតាងរថយន្តទាំង២គ្រឿងត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្ន និងកំពុងស្រាវជ្រាវបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់