ព័ត៌មានជាតិ

យប់មិញ! បាញ់ជិត១០គ្រាប់ ផ្អើលក្រុងបាត់ដំបង!..

បាត់ដំបងៈ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានជនមិនស្គាល់មុខ ដកកាំភ្លើងបាញ់សំដៅពីខាងក្រៅផ្ទះចូលទៅក្នុងផ្ទះប្រជាពលរដ្ឋចំនួន១០គ្រាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៧ នៅត្រង់ចំណុចខាងត្បូងក្បាលស្ពានថ្មចាស់ ត្រើយខាងកើតចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ មានជនមិនស្គាល់មុខ បានបើករថយន្តមិនស្គាល់ម៉ាក មកពីទិសខាងជើងមកដល់មុខផ្ទះរបស់ជនរងគ្រោះឈ្មោះ អ៊ាន វឹទ្ធី ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២២៥ ក្រុមទី១១ ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ហើយបានឈប់ធ្វើសកម្មភាពយកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បានបាញ់សំដៅពីខាងក្រៅផ្ទះចូលទៅក្នុងផ្ទះចំនួន១០គ្រាប់ រួចក៏បើករថយន្ដសំដៅទៅទិសខាងត្បូងបាត់ទៅ ក្នុងការបាញ់នេះ បណ្ដាលឲ្យខូចខាតសម្ភារៈ ទ្រព្យសម្បត្តិមាន ស្នាមធ្លុះទ្វារស័ង្កសីរបងមុខចំនួន៩គ្រាប់, ស្នាមបែកបេតុងបង្គោលក្លោងទ្វារមុខ១គ្រាប់,ផ្នែកខាងក្នុងរបងមាន ត្រូវម៉ូតូម៉ាកស្កុបពី១គ្រឿង(បែកកាទាម៉ាស៊ីន) ត្រូវកាងខាងក្រោយ រថយន្តម៉ាកហាយឡែនឌ័រ១គ្រាប់។

ចំពោះករណីនេះមិនបណ្ដាលឲ្យប៉ះពាល់អាយុជីវិតឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវនឹងសើបអង្កេតបន្ត៕

មតិយោបល់