ភ្នំពេញៈ យោងតាមការបញ្ជាក់របស់លោក យិន ស្រាង អញ្នកនាំពាក្យតុលាការខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះថា លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាឃុំខ្លួនស្រីជនជាតិ វេណេហ្សូអេឡា ជាបណ្ដោះអាសន្ននៅពន្ធនាគារ កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។
លោក យិន ស្រាង បានបញ្ជាក់បន្ថែមថា លោក ហួត វិចិត្រ ជាតំណាងអយ្យការ បានសម្រេចចោទប្រកាន់លើឈ្មោះ FLORES GONZAILZ YOSREILYS KATERINE ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវេណេហ្សូអេឡា មុខរបរគណនេយ្យ ទីលំនៅទីក្រុង ការាកាស ប្រទេសវេណេហ្សូអេឡា ពីបទ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុងខេត្តសៀមរាបម យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
គួររំលឹកថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិសៀមរាប បានឃាត់ខ្លួនជនត្រូវចោទខាងលើ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុងខេត្តសៀមរាប ដោយដកហូតវត្ថុតាងបាន ម្ស៉ៅកូកាអ៉ីនចំនួន ១០៤ដុំ ទម្ងន់សរុបចំនួន ១,០៤៧.២២ក្រាម ទូរសព្ទដៃ១គ្រឿង និងលិខិតឆ្លងដែន១ក្បាល៕




មតិយោបល់