ព័ត៌មានសេដ្ឋកិច្ច

វិស័យជលផលកម្ពុជា ជួបបញ្ហាច្រើន ក្នុងការប្រកួតប្រជែងលើទីផ្សារ

កាលពីពេលថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការប្រកួត​ប្រជែងលើទីផ្សារ សម្រាប់ផលិតផលជលផលរបស់កម្ពុជា នៅមានបញ្ហាប្រឈមច្រើន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ថែមទៀត។

បញ្ហាប្រឈមនោះរួមមាន បញ្ហាគុណភាពនៃផលិតផលជលផលនៅមានកម្រិត ឬមិនទាន់ឆ្លើយតបតម្រូវការនៃប្រទេសនាំចូល ដោយសារសិប្បកម្មកែច្នៃខ្នាតតូច​និងមធ្យម មិនទាន់បានពេញលេញតាមគោលការណ៍អនុវត្តន៍អនាម័យល្អ។

ម្យ៉ាងវិញទៀត តម្លៃផលិតផលជលផលកម្ពុជា នៅខ្ពស់ ពិបាកក្នុងការប្រកួតប្រជែងលើទីផ្សារ ដោយសារការផលិតនៅប្រើបច្ចេកវិទ្យា កែច្នៃតាមបែបបុរាណ ទាក់ទងនឹងពន្ធនាំចេញ ជាពិសេសតម្លៃអគ្គិសនីនៅខ្ពស់។

លើសពីនេះ សមត្ថភាពត្រួតពិនិត្យគុណភាពរបស់ អង្គការជំនាញនៅមានកម្រិត ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដែលមិនទាន់ឆ្លើយតបទាំងស្រុង តាមស្តង់ដារតម្រូវការទីផ្សារអន្តរជាតិ។

យ៉ាងណាមិញ កម្ពុជា កំពុងរៀបចម្បង្កើតរោងចក្រកែច្នៃផលិតផលបង្កកដូចជា បង្គាបង្កក ក្តាមបង្កក ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក ឲ្យមានសុវត្ថិភាពស្បៀងអាហារ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោមកិច្ចប្រឹងប្រែងរបស់ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ សហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងនោះមាន អង្គការ UNIDO បានជួយគាំទ្រឲ្យ ក្រុមហ៊ុនកម្ពុជាចំនួន ២ ដែលជាក្រុមហ៊ុនកែច្នៃផលិតផលសមុទ្រឲ្យទទួលបាន វិញ្ញាបនបត្រ HACCP ជាលើកដំបូងគេនៅកម្ពុជា ពោលគឺ ក្រុមហ៊ុនកំពតស៊ីហ្វូដ និងក្រុមហ៊ុនទឹកត្រីង៉ូវហេងកំពត។

គួរជម្រាបដែរថា HACCP ជាវិញ្ញាបនបត្រ ទទួលស្គាល់ជាសកលលើ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ៕

មតិយោបល់