ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ បញ្ញាពេជ្រ ប្រឹងបន្លប់ការឈឺចាប់ ព្រោះតែចង់បញ្ចេញសំឡេង

ភ្នំពេញៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវគេឃើញបង្ហោះបទចម្រៀងច្រៀងផ្ទាល់របស់នាងជាច្រើនបទ ដែលនាងបញ្ជាក់ថា ផ្ញើជូនដល់បងប្អូនជាអ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងពេលដែលនាងលែងបានចាប់អាជីពច្រៀងលើឆាក និងក្នុងឌីស ចាប់តាំងពីធ្លាក់ខ្លួនពិកា។ យ៉ាងណាក៏ដោយ គេខានឮតារាស្រីរូបនេះ ត្អូញត្អែរពីជីវិតខ្វះខាតក្នុងការព្យាបាលជំងឺដូចមុនទៀតហើយ បើទោះជាគេដឹងថា ស្ថានភាពរបស់នាងនៅធ្ងន់មួយកំណាត់ក្រោម និងមានតម្រូវការច្រើននៅឡើយក្នុងការព្យាបាល។

កញ្ញា ពៅ បញ្ញាពេជ្រ បានអះអាងថា សភាពជំងឺរបស់នាង នៅតែគ្មានភាពប្រសើរឡើង មិនខុសពីមុននោះទេ ដោយក្រៅពីមិនអាចកំរើកមួយកំណាត់ខាងក្រោម គឺនៅតែមានអាការៈចុកចាប់ពិបាកទ្រាំម្ដងៗ។ អញ្ចឹងហើយ ទើបនាងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកជាញឹកញាប់នៅពេលជំងឺធ្វើទុក្ខ។

ពៅ បញ្ញាពេជ្រ បញ្ជាក់ថា ដោយសារតែការបាញ់ប្រហារ បានធ្វើឲ្យនាងបាត់បង់ទាំងអនាគត និងក្ដីសង្ឃឹម ដូច្នេះ គឺមានតែបទចម្រៀងប៉ុណ្ណោះ ដែលអាចជួយឲ្យនាងបន្លប់ទុក្ខ និងលែងមានភាពស្មុគស្មាញដែលបានកើតឡើង។ ក្នុងនោះ នាងក៏សុំកុំឲ្យមហាជនភ្លេចរូបនាង បន្ទាប់ពីនាងលែងបានបម្រើអារម្មណ៍មហាជននៅលើវេទិកាសិល្បៈ និងលែងមានឱកាសបានឈរដូចមនុស្សទូទៅនោះផងដែរ។ នាងថា ខ្លួននៅតែជិះរទេះរុញ និងចង់ឲ្យអ្នកគាំទ្រដឹងថា នាងនៅតែចង់បម្រើអារម្មណ៍តាមរយៈបទចម្រៀង ទើបបន្តបង្ហោះសកម្មភាពច្រៀងលេងនៅលើហ្វេសប៊ុក។

គួរបញ្ជាក់ផងដែរថា កញ្ញា ពៅ បញ្ញាពេជ្រ បានរងការបាញ់ប្រហារ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ ដោយខ្មាន់កំភ្លើងមានបំណងផ្ដាច់យកសង្ខារបស់នាង។ មកទល់នឹងពេលនេះ ករណីឃាតកម្មលើរូបនាង ត្រូវបានស្ថាប័នប៉ូលិសអះអាងថា ស្ថិតក្រោមការស៊ើបអង្កេត និងស្វែងរកចាប់ខ្លួនឃាតករ និងមេខ្លោងនៅឡើយ។ ប៉ុន្តែនៅមិនទាន់មានតម្រុយណាមួយ ដែលអាចឲ្យនាងទទួលបានយុត្តិធម៌ ពីការបាញ់ប្រហារនោះទេ ក្នុងពេលដែលនាងឈឺធ្ងន់ ក៏ត្រូវលក់ផ្ទះ និងដីកេរ្តិ៍ជាច្រើន យកប្រាក់ព្យាបាល តែនៅតែស្ថិតក្នុងភាពពិការ៕

photo_2016-06-03_11-17-01photo_2016-06-03_11-17-03photo_2016-06-03_11-17-06photo_2016-06-03_11-17-11photo_2016-06-03_11-17-14photo_2016-06-03_11-17-24photo_2016-06-03_11-17-29photo_2016-06-03_11-17-31

មតិយោបល់