ព័ត៌មានជាតិ

សមត្ថកិច្ចបកស្បែកមុខ ក្រុមចោរឆក់ឆ្លងខណ្ឌយ៉ាងសកម្មក្នុងរាជធានីភ្នំពេញបានចំនួន៣នាក់!

ភ្នំពេញ: លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់Post News ថា កាលពីវេលាម៉ោង១០ និង៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ នៅចំណុចភោជនីយដ្ឋានកុងធិនន័រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្នុងនោះដែរ កន្លងមកជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន ៣ លើក ដោយលើកទី១ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០ នាទី ឆក់កាបូបពីជនរងគ្រោះឈ្មោះ នូវ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់កោះរ៉ុង ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរនៅផ្ទះ ឆក់នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លើកទី២ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច ឆក់កាបូបស្ពាយ នៅចំណុចមុខសាលារៀន ហ្សាមែន ផ្លូវលេខ ៣១៥ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងកក់២ ទេ។

និងលើកទី៣ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១រសៀល ឆក់កាបូបស្ពាយ នៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ផ្លូវព្រះមុន្នីវង្ស ភូមិ៨ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។ ជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្រះចកទេ។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនបានខាងលើ ១-ឈ្មោះ សុច បូរិទ្ធ ហៅខាំមីន ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះលេខ២២ ផ្លូវលេខ៦១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ,ទី២-ឈ្មោះ ទី សំណាងដេវីដ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ ឌីជេ ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យទី៣ឈ្មោះ សាន្ត វិសាល ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវលេខ៥៨៦ ក្រុម៦៤ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ក្នុងនោះក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៣៣ (ម)ដ.ឃ.ដ ចុះថ្ងៃទី ២៣ ខែ សីហា ២០១៧ ចេញដោយលោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

រីឯវត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព រួមមាន ម៉ូតូម៉ាក KTM DUK ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ​ ភ្នំពេញ 1GG-1142 ,ម៉ូតូម៉ាកហុងដា MOOV ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FF-1704 ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យកំពុងរៀបចំសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់